(ក្រុងឡុងដ៍)៖ ក្របខណ្ឌកំពូលអង់គ្លេស Premier League បានប្រកាសប្រាប់ក្លិបទាំង២០ មិនអនុញ្ញាតឲ្យកីឡាកររបស់ពួកគេទៅជួយប្រទេសក្នុងការប្រកួតអន្តរជាតិ នៅខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះឡើយ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Theguardian នៅយប់ពុធ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

ការប្រកាសរបស់ Premier League បានធ្វើឡើងដោយយល់ឃើញថា ប្រទេសរបស់កីឡាករមួយចំនួន កំពុងស្ថិតនៅក្នុងតំបន់ក្រហម ព្រោះតែការីករាលដាល នៃជំងឺកូវីដ១៩។ បន្ថែមលើនេះ បើពួកគេទៅលេងលក្ខណៈអន្តរជាតិ នឹងធ្វើឲ្យខាតពេលវេលាជួយក្លិប ដោយសារតែការចំណាយពេលវេលាធ្វើចត្តាឡីស័ក។

ក្នុងសេចក្តីថ្លែងការណ៍របស់ Premier League បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បម្រាមធ្វើឡើងដោយសារតែការព្រួយបារម្ភ អំពីសុខភាពសាធារណៈ ដែលកំពុងដាក់ចេញ ទាក់ទងនឹងអ្នកដំណើរមកពីប្រទេស ដែលជាប់ក្នុងបញ្ជីក្រហម គ្មានការលើកលែងសម្រាប់លក្ខខណ្ឌពិសេសនោះទេ»។

កាលពីថ្ងៃចន្ទ សហព័ន្ធកីឡាបាល់ទាត់អេហ្ស៉ីប បានទទួលលិខិតមួយច្បាប់ ពីក្លិប Liverpool ដែលពន្យល់ថា ខ្សែប្រយុទ្ធដ៏សំខាន់គឺ Mohamed Salah មិនអាចអនុញ្ញាតឲ្យទៅជួយប្រទេស ក្នុងវគ្គជម្រុះ World Cup បានឡើយ។

Liverpool ថែមទាំងមិនអនុញ្ញាតឲ្យ Alisson, Fabinho និង Roberto Firmino ទៅជួយប្រទេសជាតិក្នុងវគ្គជម្រុះ World Cup ពេលប៉ះ Chile, Argentina និង Peru នោះដែរ ដោយហេតុថា ពួកគេត្រូវធ្វើចត្តាឡីស័ក ១០ថ្ងៃ ពេលត្រឡប់មកវិញ។ ជាមួយគ្នានេះ ក្លិប Manchester City ក៏បានហាម Ederson និង Gabriel Jesus ទៅជួយប្រទេសពួកគេដូចគ្នា។

សូមជម្រាបថា មានកីឡាករប្រមាណ ៦០នាក់ មកពីក្លិប១៩ ក្នុងក្របខណ្ឌកំពូលអង់គ្លេស មិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរ ទៅកាន់ប្រទេសស្ថិតក្នុងតំបន់ក្រហម នៅខែកញ្ញា ឆ្នាំ២០២១ខាងមុខ សម្រាប់ការប្រកួតអន្តរជាតិឡើយ៕