(ប៉ារីស)៖ សំណើ១៨៨លានដុល្លារអាមេរិក ដើម្បីចរចាទិញខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe របស់ក្លិបអេស្ប៉ាញ Real Madrid ត្រូវក្លិបអ្នកមាននៅបារាំង Paris Saint-Germaint (PSG) ទាត់ចោល ហើយបោះសម្តីថា «ជាតម្លៃថោកពេក»។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មាន AFP នៅយប់ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។

នាយកផ្នែកកីឡារបស់ PSG លោក Leonardo បានបញ្ជាក់ថា សំណើ ១៨៨លានដុល្លារអាមេរិក នៅតិចពេកហើយ ខណៈដែលក្លិបចង់រក្សាទុក ខ្សែប្រយុទ្ធសញ្ជាតិបារាំង វ័យ ២២ឆ្នាំនេះ។

លោកថ្លែងថា «តួនាទីពួកយើង គឺតែងតែចង់រក្សាទុកខ្សែប្រយុទ្ធរូបនេះដើម្បីបន្តកិច្ចសន្យាថ្មីដែលនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២១។ បើសិនជា Mbappe ចង់ចាកចេញយើងមិនឃុំឃាំងគាត់ទេ ប៉ុន្តែគាត់ចាកចេញ ឬក៏បន្តស្នាក់នៅ គឺអាស្រ័យលើការសម្រេចចិត្តរបស់យើង»។

Leonardo បន្ថែមថា ក្លិបបានធ្វើរឿងគ្រប់យ៉ាងដើម្បីបញ្ចុះបញ្ចូលឲ្យគាត់បន្តស្នាក់នៅ។

ក្លិបកំពូលអេស្ប៉ាញ Real Madrid បានដាក់សំណើចំនួន ១៣៧លានផោន ឬស្មើនឹង ១៨៨លានដុល្លារអាមេរិក ដើម្បីទិញខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ពីក្លិបអ្នកមាននៅបារាំង Paris St-Germain។

ការដាក់សំណើទិញក្នុងតម្លៃខាងលើបានធ្វើឡើងបន្ទាប់ពី Mbappe បដិសេធក្នុងការបន្តកិច្ចសន្យាជាមួយ PSG គ្រាដែលកិច្ចសន្យាចាស់របស់គាត់ នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២២។ ក្លិបចង់បានគាត់ឲ្យស្នាក់នៅបន្តទៀត ប៉ុន្តែក្តីស្រមៃរបស់ខ្សែប្រយុទ្ធវ័យក្មេងចង់លេងឲ្យ Real Madrid។

កីឡាករដែលបានជួយឲ្យបារាំងឈ្នះពាន World Cup វ័យ ២២ឆ្នាំបានចុះកិច្ចសន្យាលេងឲ្យ PSG កាលពីឆ្នាំ២០១៧ ជាមួយតម្លៃផ្ទេរ ១៦៥.៧លានផោន ពីក្លិប Monaco។ Mbappe បានរកគ្រាប់បាល់ ១៣៣គ្រាប់ក្នុងការចូលលេងបាន ១៧៤ដងសម្រាប់ក្លិប PSG ហើយក៏បានឈ្នះពាន Ligue 1 ចំនួន ៣ដង ខណៈពាន French Cups ក៏ឈ្នះបាន ៣ដងដូចគ្នា៕