(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានធ្វើការក្រើនរំឮកដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈទទួលពហុកីឡដ្ឋានជាតិអូឡាំពិកត្រឡប់មកវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានស្ថានភាពកាន់តែល្អប្រសើរ ។

ការដាស់តឿនខាងលើ បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC បន្ទាប់ពីលោករដ្ឋមន្ដ្រី ថោង ខុន បានសម្លឹងឃើញស្ថានភាពជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជាបណ្ដាខេត្តបច្ចុប្បន្នមានភាពធូរស្រាល និងកាន់តែល្អប្រសើរ ។ ដូច្នេះជាការត្រៀមទុកមុន លោកបានក្រើនរំឮកឲ្យត្រៀមលក្ខណៈទទួលជានិច្ច ដើម្បីឲ្យទាន់សភាពការ នៅពេលណារាជរដ្ឋាភិបាលប្រគល់ពហុកីឡដ្ឋានជាតិអូឡាំពិកឲ្យអាជ្ញាធរកីឡាវិញ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់បន្ថែមថា នេះគ្រាន់តែជាការក្រើនរំឮកប៉ុណ្ណោះ ដើម្បីដាស់តឿនឲ្យគ្រប់ផ្នែក ពិសេសគណៈកម្មការជំនាញនីមួយៗ ត្រូវត្រៀមលក្ខណៈ និងផែនការ បន្ទាប់ពីទទួលបានពហុកីឡដ្ឋានជាតិមកវិញ តើត្រូវធ្វើអ្វីខ្លះ ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជាកម្ពុជា ដូចជាការជួសជុលទីលាន និងកែលម្អផ្សេងៗ ឲ្យស្របតាមលក្ខណៈបច្ចេកទេស និងស្ដង់ដារអន្ដរជាតិ នៃទីលានប្រកួតជាដើម ។

លោកថា «នេះគឺជាព័ត៌មានក្រៅផ្លូវការទេ ដោយសារយើងមើលឃើញស្ថានភាពកូវីដ នៅភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស កាន់តែល្អប្រសើរ អញ្ចឹងឯកឧត្តមបណ្ឌិត ថោង ខុន គ្រាន់តែក្រើនរំឮកឲ្យយើងទាំងអស់គ្នាត្រៀមទទួលនូវពហុកីឡដ្ឋានជាតិអូឡាំពិកមកវិញ ក្នុងការរៀបចំត្រៀមលក្ខណៈ ដើម្បីបានមកវិញហើយ កន្លែងNaត្រូវជួសជុល កន្លែងណាកែលម្អ កន្លែងណារៀបចំសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ របស់យើង យើងត្រូវចាប់ផ្ដើម ។ អញ្ចឹងគ្រាន់តែជាការដាស់តឿនក្រើនរំឮកដល់គ្រប់ផ្នែកទាំងអស់ឲ្យត្រៀមលក្ខណៈទទួលពហុកីឡដ្ឋានជាតិអូឡាំពិកត្រឡប់មកវិញ»

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានរាជរដ្ឋាភិបាល សម្រេចយកធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ ។ ការណ៍នេះ បានធ្វើឲ្យក្រុមជម្រើសជាតិមួយចំនួន ដែលប្រមូលផ្ដុំហ្វឹកហាត់នៅទីនោះ ត្រូវផ្លាស់ប្ដូរទៅប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោវិញ ។ ប៉ុន្ដែដោយសារពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាកន្លែងដ៏សំខាន់មួយត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ CAMSOC បានតាមដាន និងយកចិត្តទុកដាក់ជានិច្ច ក្នុងការត្រៀមធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ពិសេសទីលានប្រកួតឲ្យស្របតាមស្ដង់ដារ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា ៕