(បរទេស)៖ ខ្សែភាពយន្តមួយដែលមានចំណងជើងថា «I Am You» ជាស្នាដៃដឹកនាំសម្តែងដោយស្ត្រីដើមកំណើតអាហ្វហ្គានីស្ថាន ដែលត្រូវបានចាក់បញ្ចាំង កាលពីខែមិថុនាកន្លងទៅ ហាក់បានធ្វើឲ្យគេនឹកឃើញដល់ស្ថានភាព នៅទីក្រុងកាប៊ុលនាពេលថ្មីៗនេះ។ ជាពិសសពីទុក្ខលំបាករបស់ប្រជាជនអាហ្វហ្គានីស្ថាន ដែលត្រូវរត់ឡើងយន្តហោះ ខ្លះតោងកង់យន្តហោះអាមេរិក ឲ្យតែបានចេញពីប្រទេសនេះ ដើម្បីគេចពីក្រុមតាលីបង់ មិនខុសអីពីក្នុងសាច់រឿងនេះទាំងមូល ដែលនិយាយពីទុក្ខលំបាករបស់ប្រជាជនអាហ្វហ្គានីស្ថាន។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ខ្សែភាពយន្ត «I Am You» ដឹកនាំដោយលោកស្រី Sonia Nassery Cole គឺបានឆ្លុះបញ្ចាំងពីទុក្ខលំបាករបស់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដែលបានធ្វើដំណើរផ្សងព្រេង ឆ្លងកាត់ប្រទេសចំនួន៥ ដើម្បីស្វែករកទីកន្លែងមានសុវត្ថិភាព ក្នុងការបន្តរស់រានមានជីវិត។ ជាពិសេស គឺនិយាយពីតួអង្គឈ្មោះ Masoud ដែលជាជនភៀសខ្លួន និងបានខិតខំស្វែងរកជម្រកសុវត្ថិភាពនៅក្រៅប្រទេស ដោយរួមដំណើរជាមួយគ្រូពេទ្យមានផ្ទៃពោះ និងបុរសចំណាស់ម្នាក់។

គួរជម្រាបថា បើតាមសំដីរបស់លោកស្រី Sonia Nassery Cole ដែលជាអ្នកដឹកនាំរឿង «I Am You» បាននិយាយថា លោកស្រីផលិតរឿងនេះក្នុងឆ្នាំ២០១៨ រហូតដល់ដើមឆ្នាំ២០១៩ ដែលបានរៀបរាប់ពីរឿងរ៉ាវរបស់ជនភៀសខ្លួន និងមានឈុតឆាកខ្លះក្នុងរឿងនេះថតនៅប្រទេសអាហ្វហ្គានីស្ថាន។ រឿងនេះបានចាក់បញ្ចាំងក្នុងខែមិថុនាកន្លងទៅនេះ បន្ទាប់ពីបានពន្យារពេលដោយសារជំងឺកូវីដ-១៩៕