(សៀងហៃ)៖ ព្រឹត្តិការណ៍ប្រកួតវាយកូនបាល់អាជីពផ្នែកស្ត្រី នៅទីក្រុងសៀងហៃ ប្រទេសចិន (LPGA Shanghai) ត្រូវបានលុបចោលវិញ ដោយសារតែការរឹតត្បិតលើការធ្វើដំណើរ ដែលបណ្តាលមកពីការរីករាលនៃជំងឺ COVID-19 នៅក្នុងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

ព្រឹត្តិការណ៍ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលាខាងមុខនៅទីលានវាយកូនបាល់ Qizhong Garden Golf Club នោះ មិនបានធ្វើឡើងនោះទេកាលពីឆ្នាំមុន ដោយសារតែការព្រួយបារម្ភផ្នែកសុខភាព និងការរឹតត្បិតលើការធ្វើដំណើរ ចំពេលមានការរីករាលដាលនៃមេរោគ។

យោងតាមសារព័ត៌មាន Reuters បានចេញផ្សាយថា មានករណីឆ្លង ៩៤,៦៨៧ករណី និង ៤,៦៣៦ករណី ដែលបានស្លាប់ពាក់ព័ន្ធនឹងជំងឺ COVID-19 ត្រូវបានរាយការណ៍នៅប្រទេសចិនចាប់តាំងពីការរាតត្បាតបានចាប់ផ្តើម។

កីឡាការិនីអាមេរិក Danielle Kang បានឈ្នះពានរង្វាន់នៅពេលព្រឹត្តិការណ៍ Shanghai សម្ពោធឡើងក្នុងឆ្នាំ២០១៨ ហើយបានទទួលជោគជ័យ ក្នុងការការពារពានរង្វាន់ ១ឆ្នាំបន្ទាប់ជាមួយនឹងការឈ្នះកីឡាការិនីរួមជាតិ Jessica Korda។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ LPGA នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលាខាងមុខនោះ ក៏ត្រូវបានលុបចោល កាលពីខែកក្កដាផងដែរ ជាឆ្នាំទី២ជាប់គ្នា ដោយសារតែហេតុផលស្រដៀងគ្នា គឺការរឹតត្បិតលើការធ្វើដំណើរនៅកោះតៃវ៉ាន់។

នៅសល់ព្រឹត្តិការណ៍ចំនួន ២ទៀតក្នុងការប្រកួតចំនួន ៤ប្រទេសក្នុងតំបន់អាស៊ីនៃក្របខណ្ឌ LPGA ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលា នៅទីក្រុងប៊ូសានរបស់កូរ៉េខាងត្បូង និងចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា នៅទីក្រុងអូស៊ូ ប្រទេសជប៉ុន៕