(ម៉ាឌ្រីដ)៖ ក្លិប Atletico Madrid បានចុះហត្ថលេខា ជាមួយកីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Matheus Cunha ផ្ទេរមកពីក្លិប Hertha Berlin លើកិច្ចសន្យារយៈពេល៥ឆ្នាំ, នេះបើតាមការបញ្ជាក់ ពីក្លិបម្ចាស់ពានរង្វាន់ជើងឯក LaLiga រដូវកាលមុន ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ។

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ បានរាយការណ៍ថា ក្លិប Atletico Madrid បានព្រមព្រៀងចំណាយប្រាក់ប្រមាណ៣០លានអឺរ៉ូ (៣៥.២៣លានដុល្លារ) សម្រាប់កីឡាករវ័យ ២២ឆ្នាំ ដែលបានស៊ុតបាល់បញ្ចូលទី៧គ្រាប់ នៅលីគ Bundesliga ក្នុងការចាប់ផ្តើម២៥ប្រកួត កាលពីរដូវកាលមុន។

Cunha គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិប្រេស៊ីល ដែលបានឈ្នះមេដាយមាស នៅឯព្រឹត្តិការណ៍ Tokyo Olympics 2020 ដោយបានស៊ុតបាល់បញ្ចូលទីបើកឆាក ក្នុងជ័យជម្នះ២-១ លើក្រុមអេស្ប៉ាញ បន្ទាប់ពីការបន្ថែមម៉ោង នៅវគ្គប្រកួតផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ថា កីឡាករខ្សែប្រយុទ្ធរូបនេះ គឺជាការផ្ទេរកីឡាករទី២ហើយ សម្រាប់ក្លិប Atletico ដែលបានធ្វើឡើងនៅរដូវក្តៅនេះ បន្ទាប់ពីការចុះកិច្ចសន្យា ជាមួយខ្សែបម្រើ Rodrigo de Paul ផ្ទេរមកពីក្លិប Udinese ដែលមានសេចក្តីរាយការណ៍ថា មានតម្លៃ៣៥លានអឺរ៉ូ៕