(អាមេរិក)៖ ក្រុមហ៊ុន Microsoft បានប្រកាសតែងតាំងលោក Charlie Bell ដែលជាអតីតអនុប្រធានអាជីវកម្ម Cloud របស់ ក្រុមហ៊ុន Amazon ជាអនុប្រធានសារជីវកម្ម Azure Cloud ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

លោក Charlie Bell គឺជាអតីតថ្នាក់ដឹកនាំកំពូលមួយរូបដែលបានបម្រើការងារនៅក្នុងក្រុមហ៊ុន Amazon តាំងពីឆ្នាំ ១៩៩៨ និងបានលាឈប់ពីតំណែង កាលពីដើមខែសីហានេះ ពោលគឺក្រោយពេលដែលលោក Andy Jassy ត្រូវបានតែងតាំងជានាយកប្រតិបត្តិ Amazon ជំនួសលោក Jeff Bezos។

តាមរយ:ការតែងតាំងលោក Charlie Bell នេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុន Microsoft កំពុងតែបង្ហាញពីគោលដៅរបស់ខ្លួនក្នុងការ វាយប្រកាសទីផ្សារ Cloud ជាពិសេសគឺចង់ប្រជែងជាមួយនឹង Amazon ដោយផ្ទាល់តែម្ដង ព្រោះថាប៉ុន្មានឆ្នាំចុងក្រោយនេះ Amazon បាននាំមុខគេលើអាជីវកម្ម Cloud ដោយ Microsoft ស្ថិតនៅលេខរៀងទី២។

ក្រុមហ៊ុន Microsoft មិនបានប្រកាសបញ្ជាក់លម្អិតអំពីការតែងតាំងលោក Charlie Bell នេះឡើយ ប៉ុន្តែបើតាមប្រភពជិតស្និទ្ធបាន បង្ហើបឱ្យ ដឹងថា លោក Charlie Bell នឹងមកដឹកនាំអាជីវកម្ម Azure Cloud តែម្ដង ព្រោះថាលោកមានបទពិសោធន៍ជិត ២០ឆ្នាំលើអាជីវកម្មមួយនេះ៕