(កាប៊ុល)៖ សមាជិក ៥នាក់ នៃក្រុមរ៉ូបូតផ្នែកស្ត្រី និងអ្នកសារព័ត៌មានរាប់រយនាក់ របស់ប្រទេសអាហ្វហ្គានីស្ថាន បានទៅដល់ប្រទេសម៉ិចស៉ិចហើយ កាលពីយប់ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ ក្នុងនាមជាអ្នកភៀសខ្លួន ក្រោយសហរដ្ឋអាមេរិកដកទ័ពពីប្រទេសនេះ ហើយរដ្ឋធានីកាប៊ុល នៃប្រទេស ក៏ត្រូវធ្លាក់ក្នុងកណ្តាប់ដៃក្រុមតាលីបង់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។

កាលពីថ្ងៃអង្គារ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រី នៃប្រទេសអាហ្វហ្គានីស្ថាន ចំនួន ៧៧នាក់ ក្នុងចំណោមអត្តពលិកផ្សេងទៀត និងគ្រួសារពួកគេផងនោះ ក៏ត្រូវបានរដ្ឋាភិបាលអូស្ត្រាលី ជម្លៀសចេញពីរដ្ឋធានីកាប៊ុល ដោយសុវត្ថិភាព។ ប្រការនេះ ធ្វើឲ្យសហភាពកីឡាបាល់ទាត់អន្តរជាតិ FIFpro ថ្លែងអំណរគុណ ដល់អូស្ត្រាលី ដែលអន្តរាគមន៍ទាន់ពេលវេលា។

សមាជិកទាំង ៥នាក់ នៃក្រុមរ៉ូបូតផ្នែកស្ត្រី និងអ្នកសារព័ត៌មានរាប់រយនាក់ របស់អាហ្វហ្គានីស្ថាន ត្រូវបានស្វាគមន៍ដោយ លោកស្រី Martha Delgado អនុរដ្ឋមន្ត្រីការបរទេស នៃប្រទេសម៉ិចស៉ិច នៅអាកាសយានដ្ឋានអន្តរជាតិ នាទីក្រុងម៉ិចស៉ីកូ ដោយផ្ទាល់តែម្តង ដោយលោកស្រីថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងសូមផ្តល់ឲ្យអ្នក នូវការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងប្រទេសយើង»

គួរជម្រាបដែរថា សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានសរសេរសារផ្ញើទៅកាន់បណ្តាប្រទេសនានា ដើម្បីស្នើសុំឲ្យមានការជម្លៀស ក្រុមកីឡាការិនីជម្រើសជាតិអាហ្វហ្គានីស្ថានជាបន្ទាន់ កាលពីថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។ ការអំពាវនាវខាងលើ បានធ្វើឡើងបន្ទាប់ពីក្រុមកីឡាការិនីទាំងនោះនិយាយថា ពួកគេមានការភ័យខ្លាច បន្ទាប់ពីក្រុមតាលីបង់ កាន់កាប់រដ្ឋធានីកាប៊ុល។

ក្រុមតាលីបង់ ដណ្តើមបានអំណាចក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីសប្តាហ៍មុន ដោយសារតែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដកទ័ពចេញពីប្រទេស។ សេតវិមាន និងសម្ព័ន្ធមិត្តអាមេរិក កំពុងតែព្យាយាមជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន មុនថ្ងៃទី៣១ ខែសីហានេះ ដែលជាពេលវេលាផុតកំណត់ នៃការឯកភាពគ្នា រវាងអាមេរិកជាមួយក្រុមតាលីបង់។

ក្រុមតាលីបង់ ដែលបានរឹតត្បិតសិទ្ធិស្ត្រីក្នុងការទៅសាលារៀន ក៏ដូចជាធ្វើការផងនោះ បានគ្រប់គ្រងអាហ្វហ្គានីស្ថាន មួយលើករួចហើយ កាលពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ខណៈពេលដែលការឡើងកាន់អំណាចលើកទី២ ពួកគេបានសន្យាថា នឹងគោរពសិទ្ធិស្ត្រី និងផ្តល់ឲ្យស្ត្រីនូវសិទ្ធិអប់រំផងដែរ៕