(សៀមរាប)៖ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ត្រៀមអនុវត្តគម្រោងជួសជុលពង្រឹងខឿនរួតបាកាណនៃប្រាសាទអង្គរវត្ត។

លោក ម៉ៅ សុខនី ប្រធានគម្រោងជួសជុល នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា គម្រោងនេះនឹងអនុវត្តរយៈពេល ៥ ឆ្នាំ ក្នុងបំណងដើម្បីពង្រឹងខឿនរួតបាកាណឱ្យរឹងមាំឡើងវិញ ក្រោយស្ថានភាពថ្មមានការធ្លាក់ និងញែកចេញពីគ្នា។

លោកបន្ថែមថា «យើងកំពុងសិក្សាចែកភិនភាគថ្ម វាមានថ្មដំបូល ថ្មហោជាង ចែកវាឱ្យដាច់ ស្រួលពេលយើងរៀបចំទៅវិញ»។

តាមការបញ្ជាក់ពីប្រធានគម្រោង ស្ថានភាពខឿនរួតបាកាណនៃប្រាសាទអង្គរវត្តនេះ មានការហែក ខ្លះបម្រុងធ្លាក់ ហើយក្រុមការងារនឹងរៀបចំរុញថ្មទាំងនោះឱ្យទៅទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំគង់វង្សតទៅមុខទៀត។

លោក ម៉ៅ សុខនី បានបញ្ជាក់ថា គម្រោងជួសជុលនេះមិនប៉ះពាល់ដល់ការទស្សនារបស់ភ្ញៀវទេសចរទេ ព្រោះថាការជួសជុលនឹងបែងចែកជាជ្រុងៗ និងជាដំណាក់កាលៗ។

សូមជម្រាបថា ក្រុ មការងារក៏បានរៀបចំពិធីបួងសួងតាមទំនៀមទម្លាប់បុរាណដើម្បីធ្វើការជួសជុល នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ កន្លងទៅផងដែរ៕