(ភ្នំពេញ)៖ នៅទីបំផុត តារាសម្តែងសិចស៉ី ដេននី ខ្វាន់ បានប្រកាសទទួលស្គាល់ថា ខ្លួនបានរៀបការជាមួយស្វាមីរួចរាល់ហើយ កាលពីប៉ុន្មានខែមុន ប៉ុន្តែនាងនៅប្រកាន់ជំហរថា មិនទាន់បង្ហាញអត្តសញ្ញាណស្វាមី ឲ្យមហាជនបានស្គាល់នោះឡើយ ពោលគឺរង់ចាំដល់មានកូនមួយ ឬពីរនាក់ជាចំណងដៃ ទើបនាងបង្ហាញជាសាធារណៈ។

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ ដេននី ខ្វាន់ ប៉ុន្មានថ្ងៃចុងក្រោយនេះ នាងបានបង្ហាញរូបថតឱបរឹតជាមួយបុរសម្នាក់ ដែលមហាជនគិតថា ជាសង្សារថ្មីរបស់នាង តែតាមការពិតបុរសដែលនៅក្នុងរូបថតស្និទ្ធស្នាលនោះ គឺជាស្វាមីរបស់នាង ដែលបានរៀបចំផ្សំផ្គុំតាមប្រពៃណីខ្មែរ ចាស់ទុំដឹងឮ កាលពីប៉ុន្មានខែមុនរួចរាល់ហើយ។

ថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះ តារាសម្តែងចូលចិត្តបញ្ចេញភាពសិចស៉ី លេចលើលេចក្រោម ដេននី ខ្វាន់ បានអះអាងថា ជាការពិតបុរសម្នាក់ដែលនាងមិនបានបង្ហាញមុខនោះ គឺជាប្តីរបស់នាង ដោយពួកគេបានរៀបការរួចរាល់ហើយ។ នាងបន្តថា ស្វាមីក្រោយនេះ គឺបានសិក្សាស្វែងយល់ចិត្តគ្នា ត្រឹមរយៈពេល៥ខែប៉ុណ្ណោះ ក៏សម្រេចចិត្តយកគ្នាជាគូអនាគតតែម្ដង។

ដេននី ខ្វាន់ បន្ថែមទៀតថា បុរសក្នុងរូបនោះ បានស្រឡាញ់ថ្នាក់ថ្នមនាង មើលថែបានល្អ និងមានពេលវេលាគ្រប់គ្រាន់សម្រាប់រូបនាង ទោះរវល់នឹងមុខជំនួញរកស៉ីយ៉ាងណាក្តី។ តែអ្វីដែលនាងមិនទាន់បង្ហាញ ដល់មហាជនឲ្យដឹងនោះ គឺសូម្បីតែឈ្មោះ និងមុខមាត់ ត្រូវបន្តលាក់សិន រង់ចាំបានកូនម្នាក់ ឬពីរនាក់អ្នកជាចំណងដៃ ទើបនាងបង្ហាញជាផ្លូវការ។

យ៉ាងណាមិញ បន្ទាប់ពីទទួលស្គាល់ថា ខ្លួនមានប្តីរួចហើយនោះ ថ្មីៗនេះ តារាសម្ដែងចូលចិត្តបញ្ចេញដើមទ្រូងមូលក្បំ ដេននី ខ្វាន់ ក៏បានទទួលស្គាល់ថា តារាចម្រៀងស្រីវ័យក្មេង គឺយុវតី «ល្អហួស» គឺជាកូនបង្កើតរបស់នាង ជាមួយនឹងស្វាមីមុន ខណៈស្វាមីក្រោយរបស់នាង ក៏ជាមនុស្សពោះម៉ាយ និងមានវ័យជិត៥០ឆ្នាំ។

គួរជម្រាបថា អ្នកនាង ដេននី ខ្វាន់ គឺជាតារាសម្តែងមានឈ្មោះល្បីគួរសម ក្នុងវិស័យសិល្បៈ ប៉ុន្តែដោយសារបញ្ហាស្ថានភាពនៃជំងឺកូវីដ-១៩ បានធ្វើឲ្យការងារសិល្បៈរបស់នាង ត្រូវបានផ្អាកមួយរយៈធំ ដោយនាងបានងាកមកពង្រឹង លើមុខជំនួញរកស៉ីលក់ផលិតផលគ្រឿងសំអាង តាមបណ្តាញអនឡាញ និងជំនួញរកស៉ីមួយចំនួនទៀត៕