(ប៉ារីស)៖ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (UEFA) បានប្រកាសជាផ្លូវការថា លីគកំពូលបារាំងឈ្មោះ Lique 1 លែងជាលីគកំពូលទាំង៥ ដែលមានប្រជាប្រិយភាព របស់ពិភពលោកទៀតហើយ ក្រោយពីលីគកំពូលព័រទុយហ្កាល់ឈ្មោះ Primeira Liga ដណ្តើមយកតំណែងទី៥ ក្នុងតារាង (Association club coefficients)។ នេះបើតាមការផ្សាយ ដោយគេហទំព័រ UEFA នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

ប្រជាប្រិយភាពលីគបារាំង បានធ្លាក់ទៅចំណាត់ថ្នាក់លេខរៀងទី៦ បានធ្វើឲ្យខ្សែប្រយុទ្ធឆ្នើម Lionel Messi ទើបតែចុះកិច្ចសន្យាជាមួយក្លិប Paris Saint-Germain (PSG), លែងក្លាយជាកីឡាករ ក្នុងក្របខណ្ឌពិភពលោកទៀតហើយ។ ក្រៅពី Messi មានកីឡាករល្បីៗមួយចំនួនទៀត ដែលត្រូវលេងស្ថិតនៅក្រៅកម្រិតលីគកំពូលទាំង ៥របស់ពិភពលោក ក្នុងអាជីពរបស់ពួកគេជាលើកដំបូងនោះ រួមមានកីឡាករ Sergio Ramos, Neymar, Georginio Wijnaldum និង Kylian Mbappe ដែលជាកីឡាករកម្រិតអន្តរជាតិកំពូលៗ។

បើតាមគេហទំព័រ UEFA បានបញ្ជាក់ថា លីគបាល់ទាត់ប្រចាំប្រទេស ស្ថិងក្នុងលំដាប់កំពូលទាំង៥ របស់ពិភពលោករួមមាន៖
១៖ លីគកំពូលអង់គ្លេស (Premier League)
២៖ លីគកំពូលអេស្ប៉ាញ (La Liga)
៣៖ លីគកំពូលអ៉ីតាលី (Serie A)
៤៖ លីគកំពូលអាល្លឺម៉ង់ (Bundesliga)
៥៖ លីគកំពូលព័រទុហ្កាល់ (Primeira Liga) ។

សូមជម្រាបថា ថ្មីៗនេះ លីគបារាំង Ligue 1 ដែលមានក្លិប PSG បាននាំយកខ្សែប្រយុទ្ធ Messi ផ្ទេរពីក្លិបអេស្ប៉ាញ Barcelona ដោយគ្មានតម្លៃខ្លួនទៅក្លិបបារាំង PSG ប៉ុន្តែ PSG បានសម្រេចផ្តល់ថ្លៃពលកម្ម ៤១លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ជាមួយនឹងកិច្ចសន្យា ២ឆ្នាំ និងអាចបន្តថែម ១ឆ្នាំទៀត, ហើយក្នុងនោះក៏បានខ្សែការពារ Sergio Ramos ពីក្លិប Real Madrid និងកីឡាករផ្សេងៗទៀតផងដែរ។

លើសពីនេះ បើតាមការផ្សាយដោយសារព័ត៌មាន Forbes គឺ Messi អាចរកចំណូលបាន ៧៥លានដុល្លារអាមេរិក ពីប្រាក់ឈ្នួលក្នុងមួយឆ្នាំៗនៅ PSG ដែលនេះជាប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតក្នុងវិស័យបាល់ទាត់ នៅពេលដែលលីគបារាំង Ligue 1 បានបង្កើតឡើងតាំងពីឆ្នាំ១៩៣២ និងមានឈ្មោះជា Ligue 1 ឆ្នាំ២០០២ ដែលមាន ២០ក្រុមប្រជែងលីគកំពូលនេះ រួមជាមួយពាន Ligue 2 ជាដើម៕