(ភ្នំពេញ)៖ សណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ បានរៀបចំបទពិសោធន៍ថ្មី ប្រណីត ជូនអតិថិជនគឺ អាហារសម្រន់ពេលរសៀល ដែលមានការអញ្ជើញចូលរួមពីអ្នកច្នៃម៉ូដសម្លៀកបំពាក់ដ៏ល្បី លោក អេរិក រេស៊ីណា ដែលលោកមានទេពកុសល្យខ្ពស់ក្នុងការច្នៃប្រឌិត ការមិចពណ៌សម្លៀកបំពាក់ប្រកបដោយភាពរស់រវើក និងការតុបតែងបែបទំនើបទាន់សម័យ។

បទពិសោធន៍អាហារសម្រន់ដែលមិចពណ៌ចម្រុះគ្នានេះផ្តួចផ្តើមឡើងដោយលោក អេរិក ដែលលោកបានសិក្សាស្រាវជ្រាវយ៉ាងលម្អិតពីអ្នកដែលមានឥទិ្ធពល តាមបណ្តាប្រទេសប៉ែកអឺរ៉ុប ម៉ាដាហ្គាស្ការ និងវប្បធម៌អាស៊ីរួមបញ្ចូលគ្នា។

កិច្ចសហការរវាងសណ្ឋាគារ ហៃយ៉ាត់ ជាមួយអ្នកច្នៃម៉ូដសម្លៀកបំពាក់ដ៏ល្បី លោក អេរិក រេស៊ីណា ក្នុងគោលបំណងពង្រឹងបន្ថែមទៅលើភាពទាក់ទាញការទទួលទានអាហារសម្រន់បែបទំនើបទាន់សម័យ។ បទដ្ឋាននៃការរៀបចំអាហារសម្រន់នេះគឺ ផ្តោតសំខាន់លើការច្នៃប្រឌិតម៉ូដ និងភាពស៊ីវីល័យរបស់មនុស្សតាមសម័យកាលនីមួយៗ។

យ៉ាងណាមិញអាហារសម្រន់ពេលរសៀលនេះមានការតុបតែងយ៉ាងពិសេស ទាំងរសជាតិនិងសោភ័ណ្ឌភាព ចាប់ផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២១ នៅសណ្ឋាគារ ហៃយ៉ាត់ ក្នុងភោជនីយដ្ឋាន ម៉ាឃីតកាហ្វេនិងឡោញ ចាប់ពីម៉ោង ២៖៣០នាទីរសៀលដល់ ៥៖៣០នាទីល្ងាចជាមួយនឹងតម្លៃចាប់ពី ៣០ ដុល្លារអាមេរិក ++ សម្រាប់មនុស្សម្នាក់។

អតិថិជនដែលអញ្ជើញមកទទួលយកបទពិសោធន៍អាហារសម្រន់ពេលរសៀលនេះក៏អាចចូលរួមទស្សនាការតាំងបង្ហាញម៉ូដសម្លៀកបំពាក់ប្រណីតដោយផ្ទាល់ពីលោក អេរិក ផងដែរ សម្រាប់ការតាំងបង្ហាញនេះរៀបចំក្នុងបរិវេណសាលប្រជុំ ដោយរក្សាគម្លាតសង្គម និងស្តង់ដារអនាម័យផងដែរ។

ការតាំងបង្ហាញចាប់ផ្តើមពីម៉ោង ១១ព្រឹកដល់ម៉ោង ៦ល្ងាច ទីតាំងជាន់ផ្ទាល់ដីបន្ទាប់ពីភោជនីយដ្ឋាន ម៉ាឃីតកាហ្វេ និងឡោញ។

មកស្គាល់ប្រវត្តិខ្លះៗរបស់ លោក អេរិក រេស៊ីណាកាលពីឆ្នាំ ១៩៩៦ លោក អេរិក រេស៊ីណា បានធ្វើដំណើរកម្សាន្តមកកាន់កម្ពុជា ហើយលោកបានទស្សនាសិប្បកម្មសូត្រខ្មែរ ដោយឃើញពីភាពស្រស់ស្អាតនៃសូត្រខ្មែរ លោកក៏ចាប់ផ្តើមស្រលាញ់ការច្នៃម៉ូដសម្លៀកបំពាក់ចេញពីសូត្រខ្មែរតែម្តង ហើយលោកក៏បានសម្រេចចិត្តឈរជើងនៅក្នុងប្រទេសកម្ពុជាតាំងពីពេលនោះមក។

ក្លាយជាបុគ្គលឆ្នើមបន្ទាប់ពីប្រលូកក្នុងវិស័យច្នៃម៉ូដសម្លៀកបំពាក់ប្រកបដោយសមត្ថភាពខ្ពស់ ភាពក្លាហាន និងការច្នៃប្រឌិតពណ៌សម្លៀកបំពាក់ លោក អេរិក ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីប្រទេសកំណើតរបស់លោកនៅ ម៉ាដាហ្គាស្កា ក៏ដូចជាប្រទេសកម្ពុជាផ្ទាល់ និងតាមបណ្តាប្រទេសមួយចំនួនលើពិភពលោកផងដែរ។

ជាមួយទេពកុសល្យពីការច្នៃម៉ូដពណ៌សម្លៀកបំពាក់ដែលសាកសមបំផុតទាំងនៅបណ្តាប្រទេសលោកខាងលិចនិងអាស៊ីបូព៌ា។ ចក្ខុវិស័យនៃការច្នៃម៉ូដរបស់លោក គឺដើម្បីបង្កើតអារម្មណ៍ស្រស់ស្រាយ ផ្តល់នូវផាសុកភាពសម្រាប់ស្ត្រីជាមួយក្រណាត់សូត្រធ្វើដោយដៃរបស់លោកនិងភាពទាន់សម័យនៃម៉ូដដែលមិនអាចកាត់ថ្លៃបាន ហើយលោក អេរិក រេស៊ីណា បានក្លាយជាតួអង្គសំខាន់ម្នាក់នៅក្នុងពិភពម៉ូដ៕

ទំនាក់ទំនងកក់តាមរយៈលេខទូរស័ព្ទ៖ +855 23 600 1234 ឬតាមរយៈអ៊ីមែល [email protected] ឬតាមរយៈប្រអប់សារបណ្តាញទំនាក់ទំនងសង្គម