(តូក្យូ)៖ អ្នកចូលរួមជនជាតិបរទេសម្នាក់ នៅក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក (Paralympic Games) នៅប្រទេសជប៉ុន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយនឹងរោគសញ្ញាមិនធ្ងន់ធ្ងរនៃបញ្ហាជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មានជប៉ុន Kyodo News បានចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដោយមានការបញ្ជាក់ពី គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍។

នេះគឺជាលើកដំបូងហើយ ដែលមានការបញ្ជូនអ្នកចូលរួមក្នុងព្រឹត្តិការណ៍ Tokyo Paralympics Game 2020 ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីព្រឹត្តិការណ៍នេះ បានបើកកាលពីថ្ងៃអង្គារ ខណៈមន្ទីរពេទ្យ នៅជប៉ុន ដែលកំពុងព្យាបាលអ្នកជំងឺ COVID-19 ជាធម្មតាបានបម្រុងគ្រែទុក សម្រាប់អ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរ។

គួរជម្រាបថា មិនមានដល់ ១០ភាគរយនៃអ្នកជំងឺ COVID-19 នោះទេ ដែលបានទទួលការព្យាបាលនៅមន្ទីរពេទ្យនាទីក្រុងតូក្យូ ខណៈរដ្ឋាភិបាលជាតិជប៉ុន និងរដ្ឋាភិបាលក្រុងតូក្យូ (Tokyo Metropolitan) បានអំពាវនាវកាលពីថ្ងៃចន្ទ ទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋធានី ឲ្យទទួលយកអ្នកជំងឺ COVID-19 បន្ថែមទៀត៕