(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៅរសៀលថ្ងៃទី២៦ ខែសីហានេះ បានជូនដំណឹងអំពីនីតិវិធី ក្នុងការកំណត់យកក្រុមតំណាងជាតិមានសិទ្ធិ ទៅចូលរួមប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ទ្វីបអាស៊ី ឆ្នាំ២០២២ (AFC Cup 2022) ខណៈក្រុមបឹងកេត និងវិសាខា នឹងទទួលបានសិទ្ធិចូលរួមប្រកួតពានកម្រិតទី២ ប្រចាំទ្វីបនេះ ប្រសិនបើលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ មិនបញ្ចប់ការប្រកួតក្នុងឆ្នាំនេះទេ។

តាមការជូនដំណឹងរបស់ CNCC បានបញ្ជាក់ថា យោងតាមស្ថានភាពបញ្ហាជំងឺកូវីដ-១៩ បានកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ធ្វើឲ្យរងផលប៉ះពាល់ដល់ការប្រកួតលីគ និងពានសម្ដេចតេជោឆ្នាំ២០២១ ដែលអាចមិនបញ្ចប់ទៅដោយរលូនតាមកម្មវិធីបាន និងដោយយោងស្មារតីអង្គប្រជុំសមាជិកគណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីពេលថ្មីៗ ក្នុងករណីបើការប្រកួតទាំងពីរ មិនអាចបញ្ចប់បាន ដូច្នេះក្រុមតំណាងជាតិ ត្រូវប្រកួតពានរង្វាន់ AFC Cup 2022 ត្រូវបានកំណត់ដូចខាងក្រោម៖

*ទី១-ប្រសិនបើដំណើរការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ មិនបញ្ចប់ក្នុងឆ្នាំ២០២១ នោះទេ សិទ្ធិចូលរួមប្រកួតពានរង្វាន់ AFC Cup 2022 នឹងបានទៅក្រុមជើងឯកឆ្នាំ២០២០។ (មានន័យថា ក្រុមបឹងកេត ដែលជាជើងឯកលីគ ឆ្នាំ២០២០ និងក្រុមវិសាខា ដែលជាជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២០) ។

*ទី២-ប្រសិនបើដំណើរការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ ដំណើរការចប់ទៅតាមការគ្រោងទុក សិទ្ធិចូលរួមប្រកួតពានរង្វាន់ AFC Cup 2022 នឹងរក្សានៅដដែល សម្រាប់ក្រុមដែលទទួលបានជើងឯកឆ្នាំ២០២១ (ទាំងក្រុមជើងឯកលីគ និងក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន)។

គួរបញ្ជាក់ថា ក្នុងការប្រកួតពានរង្វាន់ AFC Cup 2021 កម្ពុជាមានបេក្ខភាព ២ក្រុម ដែលមានសិទ្ធិចូលរួមប្រកួត គឺក្រុមបឹងកេត និងវិសាខា ដែលជាក្រុមជើងឯកលីគ និងពានសម្ដេចតេជោ។ ប៉ុន្ដែគួរឲ្យស្ដាយ ដោយសារបញ្ហាកូវីដ AFC ក៏សម្រេចលុបចោលការប្រកួតប្រចាំតំបន់អាស៊ីអាគ្នេយ៍ នាំឲ្យក្រុមតំណាងកម្ពុជាទាំងពីរ មិនអាចចូលរួមប្រកួតពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះបានឡើយ៕