(ប៉េកាំង)៖ ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ គណៈប្រតិភូអត្តពលិករបស់ប្រទេសចិន ដែលចូលរួមការប្រកួត កីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូបានប្រកាសថា លោក Wang Hao អត្តពលិកផ្នែកអត្តពលកម្មនិងអ្នកនាង Zhou Jiamin អត្តពលិកផ្នែកបាញ់ធ្នូជិះរទេះរុញនឹងធ្វើជាអ្នកកាន់ទង់ជាតិចិន ដង្ហែក្នុងពិធីបើកការប្រកួតកីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ។

លោក Wang Hao បានឈ្នះមេដាយមាសក្នុងការប្រកួតលោតចម្ងាយ ជនពិការពានរង្វាន់ពិភពលោកនៅឆ្នាំ ២០១៧ និង ២០១៩ ។ នៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកលើកនេះ លោកនឹងចូលរួមការប្រកួតរត់ចម្ងាយ ១០០ ម៉ែត្រប្រភេទ T46 ការប្រកួតលោតចម្ងាយ និងការប្រកួតរត់បណ្តាក់បុរសនារី ៤x១០០ ម៉ែត្រ។ លោក Wang Hao ពិការដៃស្តាំតាំងពីកំណើត។

ទោះបីជាគាត់បានទទួលការហ្វឹកហាត់ខាងឯកទេសក៏ដោយ ប៉ុន្តែនៅពេលគាត់ធ្វើលំហាត់កាយសម្បទា និងការហ្វឹកហាត់ផ្នែកកម្លាំង នៅតែមានការលំបាកខ្លាំង ការពិការដៃស្តាំរបស់គាត់ធ្វើឱ្យគាត់ជួបការពិបាកជាច្រើន។ គាត់មិនខ្លាចការលំបាកទេ ដោយខាំធ្មេញនិងបន្តហ្វឹកហាត់ក្នុងកម្រិតខ្លាំង។ គាត់មិនដែលគិតពីការបោះបង់ចោលទេ។

លោក Wang Hao បាននិយាយដោយត្រង់ៗថា “រឿងដ៏គួរឱ្យខ្លាចមិនមែនកាយសម្បទាមិនគ្រប់គ្រាន់នោះទេ តែគឺជាគេចវេះពីបញ្ហា ដូចនេះត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ទើបអាចជម្នះការលំបាក ការរត់លើទីលានប្រកួតគឺជាកម្លាំងចលករធំបំផុតរបស់ខ្ញុំ”។

លោក Wang Hao ដែលជាមនុស្សមានសុទិដ្ឋិនិយមជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងអស់ពិតជាមានតម្លៃ។ តាមរយៈការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់ គាត់ក៏បានបង្កើតសម្ភារៈមួយចំនួន ដើម្បីជាជំនួយក្នុងការហ្វឹកហាត់របស់គាត់ ដើម្បីជម្នះការលំបាកផ្នែកកាយសម្បទា។ "ខ្ញុំសង្ឃឹមថា តាមរយៈកិច្ចខិតខំរបស់ខ្លួន យើងអាចផ្លាស់ប្តូរខ្លួនឯងនិងធ្វើឱ្យខ្លួនឯងក្លាយទៅជាមនុស្សដែលមានតម្លៃ!"៕