(ម៉ាឌ្រីដ)៖ ក្លិបបាល់ទាត់ Sevilla របស់អេស្ប៉ាញ បានចុះហត្ថលេខា ជាមួយខ្សែបម្រើសញ្ជាតិដាណឺម៉ាក Thomas Delaney ផ្ទេរមកពីក្លិប Borussia Dortmund ដែលលេងនៅលីគកំពូលអាល្លឺម៉ង់ Bundesliga លើកិច្ចសន្យារយៈពេល៤ឆ្នាំ, នេះបើតាមការបញ្ជាក់ ពីក្លិបម្ចាស់ពានរង្វាន់លីគ Europa League ៦រដូវកាល ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ។

ព័ត៌មានលម្អិតស្តីពីហិរញ្ញវត្ថុ នៃការផ្ទេរកីឡាកររូបនេះ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ក្លិប Sevilla បានចំណាយប្រាក់៦លានអឺរ៉ូ (៧.១លានដុល្លារ) សម្រាប់កីឡាករវ័យ២៩ឆ្នាំនេះ។

កីឡាករ Delaney បានលេង៨៨ប្រកួត នៅក្នុងការប្រកួតទាំងអស់ សម្រាប់ក្លិប Dortmund បន្ទាប់ពីបានចូលរួម ក្រោយចាកចេញពីក្លិប Werder Bremen ក្នុងឆ្នាំ២០១៨ និងបានជួយក្លិបឲ្យឈ្នះពានរង្វាន់ លីគ German Cup និង German Super Cup ផងដែរ។

«Sevilla FC ប្រកាសពីការចុះកិច្ចសន្យាលើកទី៦ របស់ពួកគេ មុនរដូវកាល២០២១/២២ ជាមួយនឹងខ្សែការពារកណ្តាល សញ្ជាតិដាណឺម៉ាក Thomas Delaney, ដែលធ្លាប់ជាប់៦០លើក លេងក្នុងក្រុមជម្រើសជាតិរបស់លោក», នេះបើតាមក្លិប Sevilla បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

Delaney បានចូលរួមជាមួយក្លិប Sevilla ក្នុងរដូវក្តៅនេះ បន្ទាប់ពីការមកដល់នៃកីឡាករ Rafa Mir (ផ្ទេរមកពីក្លិប Wolverhampton Wanderers), កីឡាករ Gonzalo Montiel (មកពីក្លិប River Plate), កីឡាករ Ludwig Augustinsson (មកពីក្លិប Werder Bremen), កីឡាករ Marko Dimitrovic (Eibar) និងកីឡាករ Erik Lamela (មកពីក្លិប Tottenham Hotspur)។

គួរបញ្ជាក់ថា Sevilla, ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងលីគ LaLiga កាលពីរដូវកាលមុននោះ, នឹងធ្វើដំណើរទៅជួបក្រុម Elche នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕