(ប៉ារីស)៖ ក្លិបអ្នកមានបារាំង Paris Saint-German (PSG) បានប្រកាសថា នឹងព្រមលក់ខ្សែប្រយុទ្ធ Kilian Mbappe ឲ្យទៅក្លិបយក្សអេស្ប៉ាញ Real Madrid លុះត្រាតែតម្លៃ ២២០លានអឺរ៉ូ ឬស្មើនឹង ២៥៨លានដុល្លារអាមេរិក។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន Marca នៅយប់ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។

លោក Leonardo នាយកផ្នែកកីឡារបស់ PSG កាលពីថ្ងៃពុធនេះ បានបង្ហាញរឿងជាច្រើន រួមទាំងបង្ហើបថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង អាចនឹងត្រូវលក់ចេញ បើសិនជាមានលក្ខខណ្ឌដ៏ល្អ។ នេះមានន័យថា តម្លៃដែលសមរម្យ ត្រូវតែលើសពី ១៦០លានអឺរ៉ូ ដែលដាក់សំណើដោយ Real Madrid ។

នាយកផ្នែកកីឡា របស់ PSG បានសង្កត់ធ្ងន់ថា កីឡាករដែលបានជួយឲ្យបារាំងឈ្នះពាន World Cup វ័យ ២២ឆ្នាំ បានចុះកិច្ចសន្យាលេងឲ្យ PSG កាលពីឆ្នាំ២០១៧ ជាមួយតម្លៃផ្ទេរជាង ១៩៣លានអឺរ៉ូ ពីក្លិប Monaco។ ដើម្បីស្រង់ដើម និងមានប្រាក់ចំណេញផងនោះ PSG ចង់បាន ២២០លានអឺរ៉ូ ក្នុងការលក់គេ នៅរដូវក្តៅនេះ។

បើតាមការផ្សាយដោយ Le Parisien ជាមួយតម្លៃខាងលើ មានន័យថា ជាតម្លៃកំណត់ត្រាក្នុងនាមជាកីឡាករ ដែលមានថ្លៃផ្ទេរខ្ពស់ជាងគេលំដាប់ទី២ តាមពីក្រោយខ្សែបម្រើសញ្ជាតិប្រេស៉ីល Neymar ដែលត្រូវបាន PSG ទិញពី Barcelona រហូតដល់ទៅ ២២២លានអឺរ៉ូ កាលពីឆ្នាំ២០១៧។

សូមជម្រាបថា សំណើ ១៦០លានអឺរ៉ូ ដើម្បីចរចាទិញ Mbappe របស់ក្លិប Real Madrid ត្រូវក្លិប PSG ទាត់ចោល ហើយបោះសម្តីថា «ជាតម្លៃថោកពេក» ខណៈដែលក្លិបចង់រក្សាទុក ខ្សែប្រយុទ្ធសញ្ជាតិបារាំង វ័យ ២២ឆ្នាំនេះ។ លោក Leonardo បន្ថែមថា ក្លិបបានធ្វើរឿងគ្រប់យ៉ាង ដើម្បីបញ្ចុះបញ្ចូលឲ្យ Mbappe បន្តស្នាក់នៅ។

ការដាក់សំណើទិញរបស់ Real Madrid ក្នុងតម្លៃខាងលើ បានធ្វើឡើងបន្ទាប់ពី Mbappe បដិសេធក្នុងការបន្តកិច្ចសន្យាជាមួយ PSG គ្រាដែលកិច្ចសន្យាចាស់របស់គាត់ នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២២។ ក្លិបចង់បានគាត់ឲ្យស្នាក់នៅបន្តទៀត ប៉ុន្តែក្តីស្រមៃរបស់ខ្សែប្រយុទ្ធវ័យក្មេងចង់លេងឲ្យ Real Madrid។

Mbappe បានរកគ្រាប់បាល់ ១៣៣គ្រាប់ក្នុងការចូលលេងបាន ១៧៤ដងសម្រាប់ក្លិប PSG ហើយក៏បានឈ្នះពាន Ligue 1 ចំនួន ៣ដង ខណៈពាន French Cups ក៏ឈ្នះបាន ៣ដងដូចគ្នា៕