(ក្រុងឡុងដ៍)៖ កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo បានឈានដល់កិច្ចព្រមព្រៀងសម្រាប់លក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយក្លិបអង់គ្លេស Manchester City ខណៈមិនទាន់មានការបង្ហាញកិច្ចព្រមព្រៀងរវាងក្លិបទាំងពីនោះទេ ជុំវិញការផ្ទេរពីក្លិបអ៉ីតាលី Juventus។ នេះបើយោងតាមសារព័ត៌មាន ESPN ចុះផ្សាយនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

ប្រភពដដែលអះអាងថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយក្លិប Manchester City ដែលបានផ្តល់ឱ្យគាត់នូវកិច្ចសន្យា ២ឆ្នាំ ជាមួយប្រាក់ខែ ១៥លានផោន ឬជាង ២០លានដុល្លារ ក្នុងមួយរដូវ។ តែចំនួននេះ ប្រហែលពាក់កណ្តាលនៃប្រាក់ដែលគាត់រកបាននៅ Juventus ។

ខណៈប្រភពពី BBC បានឲ្យដឹងថា ក្លិប Man City ជាក្លិបមួយក្នុងចំណោមក្លិបផ្សេងដែលមានការទាក់ទងក្នុងផ្ទេរខ្សែប្រយុទ្ធ Ronaldo គ្រាដែលភ្នាក់ងារទីផ្សារលោក Jorge Mandes បានបង្ហាញថា Ronaldo បានព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់ហើយ។

សូមជម្រាបថា ថ្មីៗនេះមានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា រឿងខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo អង្គុយកៅអីបម្រុងនៅថ្ងៃបើកឆាកពានកំពូល ប្រទេសអ៉ីតាលី Serie A គឺជាប្រផ្នូលគាត់ចង់ចេញពីក្លិប Juventus ។

ទោះជាយ៉ាងនេះក្តី លោក Massimiliano Allegri ដែលជាគ្រូបង្វឹកបញ្ជាក់ថា វាជាការសម្រេចចិត្តរបស់គាត់ ដែលដាក់ឲ្យប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ អង្គុយកៅអីបម្រុង នៅថ្ងៃបើកឆាកការប្រកួត ពេលក្លិបបានត្រឹមស្មើជាមួយ Udinese ក្នុងលទ្ធផល ២ទល់នឹង២។

ក្លិប Juventus បានទិញ Ronaldo ក្នុងតម្លៃ ៩៩.២លានផោន ជាមួយកិច្ចសន្យា ៤ឆ្នាំ ពីក្លិបយក្សអេស្ប៉ាញ Real Madrid។ Ronaldo បានចូលរួមជាមួយ Real Madrid ក្រោយចេញពី Manchester United កាលពីខែកក្កដា ឆ្នាំ២០០៩ ដែលបានរកគ្រាប់បាល់ ៤៥០គ្រាប់ ក្នុងការលេង ៤៣៨លើក រយៈពេល ៩រដូវកាល។

ជាមួយ Real Madrid ខ្សែប្រយុទ្ធ Ronaldo បានឈ្នះពាន Champions League ចំនួន ៤ដង និងពាន La Liga ចំនួន ២ដង។ គាត់នៅសល់ពេល មិនដល់ ១០ខែទៀតទេ សម្រាប់ការលេងនៅ Juventus៕