(ឡាហ្គោស)៖ សហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) បានអំពាវនាវដល់រដ្ឋាភិបាលអង់គ្លេសឲ្យផ្តល់ការលើកលែង ចំពោះក្រុមកីឡាករបាល់ទាត់អាហ្វ្រិក ដែលរំពឹងថា នឹងវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេនៅសប្តាហ៍ក្រោយ ដើម្បីប្រកួតក្នុងវគ្គជម្រុះក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup)។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីមានការសម្រេចចិត្តរួមគ្នាដោយក្លិបលេងនៅលីគ Premier League ដែលបានបដិសេធក្នុងការអនុញ្ញាតឲ្យកីឡាករធ្វើដំណើរទៅកាន់ប្រទេសដែលស្ថិតក្នុង «បញ្ជីក្រហម» ពាក់ព័ន្ធនឹងបញ្ហា COVID-19 របស់ចក្រភពអង់គ្លេស ដោយសារតែវិធានការធ្វើចត្តាឡីស័ក ដែលពួកគេនឹងត្រូវអនុវត្តនៅពេលវិលត្រឡប់មកពីបំពេញតួនាទីអន្តរជាតិ។

«CAF ក្នុងនាមជាសមាជិកសមាគមអាហ្វ្រិក កីឡាករ និងអ្នកគាំទ្រអាហ្វ្រិកទាំងអស់បានជំរុញឲ្យរដ្ឋាភិបាលអង់គ្លេសផ្តល់ជាបន្ទាន់នូវការលើកលែង ដើម្បីឲ្យកីឡាករអាហ្វ្រិកអាចចូលរួមប្រកួត សម្រាប់ប្រទេសរបស់ពួកគេនៅក្នុងការប្រកួតវគ្គជម្រុះ World Cup នាពេលខាងមុខឆាប់ៗនេះ»។ នេះបើតាម CAF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

សេចក្តីថ្លែងការណ៍នោះដដែលបន្ថែមថា «CAF បានបញ្ជាក់ថា ការលើកលែងស្រដៀងគ្នានេះ ត្រូវបានផ្តល់ដោយរដ្ឋាភិបាលអង់គ្លេស ដែលអនុញ្ញាតឲ្យមានការចូលរួមពីគណៈប្រតិភូ និងមន្រ្តីស្ថិតក្នុងចំណោមអ្នកដទៃទៀតនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប (European Championship) ដែលបានធ្វើឡើងមិនដល់ ២ខែមុននោះទេ»

ប្រទេសនៅទ្វីបអាហ្វ្រិកចំនួន២៥ បានស្ថិតក្នុង «បញ្ជីក្រហម» ដែលត្រូវបានគេរំពឹងថា នឹងធ្វើបច្ចុប្បន្នភាពនៅថ្ងៃព្រហស្បតិ៍នេះ។

CAF បានលើកឡើងដែរថា ការប្រកួតវគ្គជម្រុះ World Cup នៅទ្វីបអាហ្វ្រិកនាខែក្រោយ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកញ្ញាខាងមុខនោះ នឹងធ្វើឡើងស្ថិតក្រោមការគ្រប់គ្រងស្ថានភាពសុខភាពយ៉ាងតឹងរឹង៕