(ក្រុងមីឡាន)៖ ក្លិបបាល់ទាត់ Inter Milan បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Joaquin Correa លើកិច្ចសន្យាលេងខ្ចីជើងដំបូង ផ្ទេរមកពីក្លិប Lazio ជាមួយនឹងកាតព្វកិច្ចដើម្បីធ្វើការផ្ទេរជាអចិន្ត្រៃយ៍ផងដែរ។ នេះបើតាមការបញ្ជាក់ពីក្លិបទាំងពីរដែលលេងនៅលីគកំពូលរបស់អ៉ីតាលី Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

ក្លិប Lazio បានឲ្យដឹងថា កិច្ចសន្យាខ្ចីជើងនេះមានតម្លៃ ៥លានអឺរ៉ូ (ស្មើនឹង ៥.៨៧លានដុល្លារ) ហើយ Inter នឹងទិញកីឡាកររូបនេះ ក្នុងតម្លៃ ២៥លានអឺរ៉ូទៀតផងនៅរដូវកាលបន្ទាប់។

Inter បានលើកឡើងដែរថា កីឡាករ Correa បានចុះកិច្ចសន្យាលេងរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ហើយកីឡាករវ័យ ២៧ឆ្នាំរូបនេះ អាចធ្វើដំណើរទៅជួបប្រកួតក្នុងលីគ Serie A តទល់នឹងក្រុម Verona នៅថ្ងៃសុក្រសប្តាហ៍នេះ។
កីឡាករ Correa បានជួបជុំជាមួយអតីតអ្នកចាត់ការក្លិប Lazio លោក Simone Inzaghi វិញ ដែលស្ថិតក្រោមការដឹកនាំរបស់លោក នៅពេលកីឡាករ Correa បានបង្ហាញខ្លួន ៣៨ប្រកួតកាលពីរដូវកាលមុននៅក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ១១គ្រាប់ និងជួយបញ្ជូនបាល់បាន ៦គ្រាប់ទៀតផង។

ម្ចាស់ពានរង្វាន់ជើងឯកអ៉ីតាលីរដូវកាលមុន Inter Milan បានស្ថិតឈរនៅលំដាប់កំពូលនៃលីគ Serie A បន្ទាប់ពីយកឈ្នះក្រុម Genoa ៤-០ នៅក្នុងការប្រកួតបើកឆាករបស់ពួកគេ៕