(ភ្នំពេញ)៖ ដើម្បីផ្តល់ជម្រើសកាន់តែសម្បូរបែប និងងាយស្រួល ដល់អតិថិជនសម្រាប់ការប្រើប្រាស់សាច់ប្រាក់ ទៅតាមតម្រូវការ បន្ថែមពីលើការប្រើប្រាស់តាម អេស៊ីលីដាម៉ូបាល អេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំមួយ និងចំណាស់ជាងគេនៅកម្ពុជា បានពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលបម្រើដល់អតិថិជនរបស់ខ្លួន នៅទីតាំងចំនួន១៣ នៅក្នុងរាជធានីភ្នំពេញ ចំនួន១២ទីតាំង និង១ទីតាំងទៀត នៅខេត្តសៀមរាប ឲ្យបានចប់សព្វគ្រប់ត្រឹមដំណាច់ខែសីហានេះ និងបន្តពង្រីក នៅទូទាំងប្រទេសជាបន្តទៀត បន្ទាប់ពីដាក់ឲ្យដំណើរការ សេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self-Service) នៅស្រុកវាលវែងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កន្លងមកនេះ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានថ្លែងថា «បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា កំពុងបំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេចធ្លោ និងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលរួមមាន ម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើកគណនី, ម៉ាស៊ីនបើកគណនីមានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់សម្រាប់ដៃគូ ដែលមានការចរាចរក្រដាសប្រាក់ច្រើនប្រភេទទៀត ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់អតិថិជនសម្រាប់ការប្រើប្រាស់សាច់ប្រាក់ទៅតាមតម្រូវការ បន្ថែមពីលើការប្រើប្រាស់តាម អេស៊ីលីដាម៉ូបាល»

លោកស្រីនាយិកាបានបន្ថែមថា «អត្ថប្រយោជន៍ គឺការធានាបាននូវសេចក្តីត្រូវការរបស់អតិថិជន ក្នុងការប្រើប្រាស់សាច់ប្រាក់ ទៅតាមពេលវេលាដែលគាត់ត្រូវការ មិនថាពេលណា ឬកន្លែងណាទេ គឺងាកឃើញៗគ្រប់កន្លែង បើហួសមួយកន្លែង ដល់មួយកន្លែងទៀត ដោយមិនចាំបាច់ត្រឡប់ក្រោយឡើយ»

លោកស្រីបានបន្ថែមទៀតថា «ធនាគារ អេស៊ីលីដា មានគម្រោងដាក់បម្រើសេវាកម្មធនាគារស្វ័យប្រវត្តិរបៀបនេះ ចំនួន៥០ទីតាំងនៅទូទាំងប្រទេសជាបន្តបន្ទាប់ ។ នេះជាពេលវេលាដែលយើងទាំងអស់គ្នា បម្រើការនៅធនាគារ អេស៊ីលីដា មានមោទនភាពក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន, សាធារណជន គ្រប់ជាតិសាសន៍ ប្រកបដោយកាយវាចារចិត្តស្មោះស្ម័គ្រ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត»

គួរកត់សម្គាល់ថា ធនាគារ អេស៊ីលីដា មកដល់ពេលនេះ មានម៉ាស៊ីន អេធីអឹមសម្រាប់បំរើអតិថិជនទាំងយប់ថ្ងៃ ២៤/២៤ ចំនួន៧៩២ ម៉ាស៊ីនឆូតកាតចំនួន ៤,៣២១ម៉ាស៊ីន។ កាលពីដើមឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា បានធ្វើទំនើបកម្មនិងអភិវឌ្ឍ អេស៊ីលីដាម៉ូបាល របស់ខ្លួន កាន់តែទំនើប មានពហុមុខងារច្រើន សម្បូរបែប ដែលធ្វើឲ្យអតិថិជនកាន់តែទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន និងងាយស្រួលប្រើ ដែលមកដល់ពេលនេះ អេបមួយនេះ មានចំនួនអ្នកប្រើប្រាស់២លាននាក់៕