(អាមេរិក)៖ នៅដើមឆ្នាំ២០២១នេះ ទីផ្សារនាឡិកាដៃវៃឆ្លាត (smartwatch) ត្រូវបានគេមើលឃើញថាមានការកើនឡើងយ៉ាងខ្លាំង ដោយនៅ ត្រីមាសទី២កន្លងទៅនេះ ការលក់ smartwatch បានកើនឡើង ២៧ភាគរយ បើធៀបទៅនឹងត្រីមាសទី២ឆ្នាំ២០២០ ខណ:ដែល smartwatch តម្លៃទាបជាង ១០០ដុល្លារមានតម្រូវការខ្ពស់បំផុត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Apple បានឈានមុខ គេក្នុងការលក់ smartwatch ដោយកាន់កាប់ចំណែកទីផ្សារបានរហូតដល់ ៣៣.៥ភាគរយ នៅត្រីមាសទី២កន្លងទៅនេះ ខណ:ដែល Huawei និង Samsung បានឈរនៅលេខរៀងទី២ និងទី៣។

ក្រុមហ៊ុន Samsung ត្បិតតែឈរនៅលេខរៀងទី៣ពិតមែន ប៉ុន្តែតួលេខនៃការលក់ smartwatch គឺមានការកើនឡើងរហូតដល់ ៤៣ភាគរយ បើធៀបទៅនឹងឆ្នាំមុន ចំណែក Apple កើនឡើងតែជាង ៣ភាគរយ និង Huawei បានធ្លាក់ចុះជាង ២ភាគរយ។

អាមេរិក ខាង ជើងគឺជាទីផ្សារដែលមានការលក់ smartwatch ច្រើនជាងគេបំផុតនៅលើពិភពលោក ចំណែកចិនគឺជាប់ចំណាត់ថ្នាក់លេខ២ និងឥណ្ឌាចាប់លេខរៀងទី៣ ប៉ុន្តែឥណ្ឌាគឺជាទីផ្សារដែលមានការលក់ស្មាតហ្វូនកើនឡើងខ្លាំងបំផុតនៅត្រីមាសទី២នេះ ដោយសារតែ smartwatch តម្លៃក្រោម ១០០ដុល្លារបានវាយលុកខ្លាំងនៅលើទីផ្សារមួយនេះ។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺឆ្នាំ២០២០ និង២០២១នេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបាន សម្រុក ផលិត smartwatch និងបានបំពាក់នូវបច្ចកវិទ្យាមួយចំនួនសម្រាប់ផ្ដល់ជាអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ជាពិសេសគឺ smartwatch ទាំងនោះ អាចភ្ជាប់ជាមួយនឹងស្មាតហ្វូនរបស់ក្រុមហ៊ុនពួកគេដើម្បីទទួលបានមុខងារពិសេសជាច្រើនទៀត៕

https://www.gsmarena.com/samsung_ranks_third_in_global_smartwatch_market_for_q2_2021_india_is_fastestgrowing_smartwatch_marke-news-50687.php