(ភ្នំពេញ)៖ លោក អ៊ុក សុធី គ្រូបង្គោលក្លិបសូលទីឡូអង្គរបានទម្លាយការធ្វើការងារជាមួយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា និងជាប្រធានក្លិបរយៈពេលជិត ២ខែកន្លងមកបានផ្ដល់នូវយុទ្ធសាស្ដ្រ និងចំណេះដឹងថ្មីៗជាច្រើន ដែលជាសញ្ញាវិជ្ជមានមួយ ដើម្បីជំរុញការអភិវឌ្ឍក្រុមទាំងមូល។

បុរសវ័យ ៣៣ឆ្នាំខាងលើបានបញ្ជាក់ថា «អំឡុងពេលខ្ញុំដឹកនាំក្រុមសូលទីឡូអង្គរ គឺលោក Keisuke Honda តែងតែផ្ដល់នូវយុទ្ធសាស្ដ្រ ក៏ដូចជាយោបល់ថ្មីៗសម្រាប់ខ្ញុំ ឧទាហរណ៍ថា បើយើងមានកន្លែងណាដែលយើងមិនយល់ ឬក៏យើងចង់ឲ្យគាត់បន្ថែម គាត់តែងតែផ្ដល់ឲ្យយើងនូវយុទ្ធសាស្ដ្រល្អៗ ក៏ដូចជាយោបល់ល្អៗសម្រាប់យើងក្នុងការអភិវឌ្ឍក្រុម»

អតីតកីឡាកររហស្សនាម Messi ភ្នំពេញក្រោនដដែលបន្ថែមថា «ជាពិសេសនោះ គាត់តែងតែលើកទឹកចិត្តសម្រាប់ខ្ញុំ និងកីឡាកររបស់យើងឲ្យមានភាពជឿជាក់ និងការខិតខំប្រឹងប្រែងបន្ថែមទៀត។ គាត់តែងតែជំរុញពួកយើងពីក្រោយរហូត។ នេះជាសញ្ញាវិជ្ជមានមួយសម្រាប់ក្រុមទាំងមូល ដែលទទួលបានការលើកទឹកចិត្តពីគាត់ផ្ទាល់»

គួរដឹងថា លោក អ៊ុក សុធី បានទទួលឱកាសដឹកនាំក្រុមលីគកំពូលកម្ពុជាលើកដំបូង គឺក្លិបសូលទីឡូអង្គរជំនួសកៅអីគ្រូបង្វឹកសញ្ជាតិអង់គ្លេស លោក Charlie កាលពីដើមខែកក្កដាកន្លងទៅ ក្រោយលោកបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក នៅប្រទេសបារ៉ែន ក្នុងនាមគ្រូជំនួយជម្រើសជាតិកម្ពុជា ដែលដឹកនាំផ្ទាល់ដោយលោក Honda។

សម្រាប់ការបំពេញតួនាទីធំដំបូងក្នុងអាជីពនេះ លោក អ៊ុក សុធី នៅមិនទាន់អាចជួយក្រុមសូលទីឡូអង្គរស្វែងរកជ័យជម្នះលើកដំបូង ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២១ បាននោះទេ ប៉ុន្ដែលោកបានដឹកនាំក្រុមដណ្ដើមបាន ១ពិន្ទុដំបូងគួរឲ្យភ្ញាក់ផ្អើល ក្នុងការប្រកួតស្មើក្រុមខ្លាំងណាហ្គាវើលដ៏ ៣-៣។ បច្ចុប្បន្នសូលទីឡូអង្គរ កំពុងឈរបាតតារាង និងមាន ១ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ៩ប្រកួត ស្មើ១ និងចាញ់៨៕