(ភ្នំពេញ)៖ ប្រាសាក់ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានចូលរួមក្នុង «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២» ក្នុង គោលបំណងផ្តល់កម្ចី ដែលមានការប្រាក់ទាបដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសបន្ទាប់ពីជំហានទី១ នៃគម្រោងទទួលបានលទ្ធផលជាវិជ្ជមាន។

គម្រោងនេះត្រូវបានផ្ដួចផ្ដើមឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ដោយមានកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានា ក្នុងនោះក៏មាន ប្រាសាក់ ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញ និងជួយដល់សហគ្រាសធុនតូចនិងមធ្យម ដែលកំពុងត្រូវការហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់អាជីវកម្មបន្ត។

គម្រោងសហហិរញ្ញប្បទាន ជំហានទី២នេះ មានគោលបំណងផ្ដល់ឥណទានមានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យអាទិភាព ដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម សម្រាប់ជំនួសឱ្យការនាំចូល បម្រើសេចក្ដីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម។

គម្រោងឥណទាននេះ នឹងធ្វើឱ្យប្រាសាក់អាចផ្ដល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការទុនវិនិយោគរហូតដល់ ២.១០ ប៊ីលានរៀល ឬ៥០ម៉ឺនដុល្លារអាមេរិក និងទុនបង្វិលរហូតដល់ ១.២៦ប៊ីលានរៀល ឬ២០ម៉ឺនដុល្លារអាមេរិក នៅក្នុងមុខរបរអាជីវកម្មរបស់ខ្លួន ជាមួយរយៈពេលកម្ចីវែងរហូតដល់៧ឆ្នាំ ដោយគ្មានកម្រៃសេវារដ្ឋបាល។ ចំពោះអត្រាការប្រាក់នៃឥណទានក្នុងគម្រោងសហហិរញ្ញប្បទាននេះ ត្រូវបានកំណត់ជា២គឺ៖

*អត្រាការប្រាក់អតិបរមា ៦.៥% ក្នុងមួយឆ្នាំ (0.54% ក្នុងមួយខែ) សម្រាប់សហគ្រាសធុនតូចនិងមធ្យមដែលបានចុះឈ្មោះបញ្ជីក្នុងវិស័យអាទិភាព។

*អត្រាការប្រាក់អតិបរមា ៧.៥% ក្នុងមួយឆ្នាំ សម្រាប់សហគ្រាសធុនតូចនិងមធ្យមដែលមិនបានចុះបញ្ជី និងសហគ្រាសធុនតូចនិងមធ្យមដែលបានចុះបញ្ជីក្នុងវិស័យមិនមែនអាទិភាព។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា ប្រាសាក់ បានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិង មធ្យមនេះ ចាប់តាំងពី ជំហាន ទី១មកម៉្លេះតាមរយៈការចូលរួមផែនការសរុប ៥លានដុល្លារប៉ុន្តែជាក់ស្តែងប្រាសាក់បានបញ្ចេញ ១០លានដុល្លារអាមេរិករួចទៅហើយ នៅជំហានដំបូង ។

លោកបន្តថា «យើងប្ដេជ្ញាចិត្តនឹងសម្រេចឱ្យបានតួលេខនេះម្ដងទៀតនៅជំហានទី២នេះ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងដើម្បីបង្កើត ឱកាសការងារនៅក្នុងប្រទេសកម្ពុជា»

លោកបានបន្ថែមថា គម្រោងពិសេសនេះ នឹងជួយឱ្យសហគ្រាសធុនតូចនិងមធ្យមមានលទ្ធភាពទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែងាយស្រួលដោយមាន អត្រាការប្រាក់កាន់តែទាប។ ដូច្នេះចំពោះសហគ្រាសធុនតូចនិងមធ្យមដែលមានតម្រូវការដើមទុន អាចដាក់ពាក្យស្នើសុំកម្ចីក្រោមគម្រោងសហហិរញ្ញប្បទានជំហានទី២នេះ ពីបណ្ដាសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ៖ 023 999 911 ឬ086 999 911 ដើម្បីទទួលបានព័ត៌មានបន្ថែម។

លោកបន្តថា «តាងនាមថ្នាក់គ្រប់គ្រងនិងបុគ្គលិកទាំងអស់របស់ប្រាសាក់ យើង ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះមានយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ និងយុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។ យើងខ្ញុំសង្ឃឹមថាសកម្មភាពអាជីវកម្មជាទូទៅ នឹងវិលត្រលប់ទៅរកភាពធម្មតាជាថ្មីក្នុងពេលឆាប់ៗបំផុត»

ប្រាសាក់នៅតែបន្តផ្ដល់សេវាប្រាក់កម្ចីជូនអតិថិជនជាធម្មតា សម្រាប់ឱ្យពួកគាត់អាចចាប់ផ្ដើមអាជីវកម្មជាថ្មី ឬពង្រីកអាជីវកម្ម។ យើងខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីបម្រើពួកគាត់តាមរយៈគម្រោងសហហិរញ្ញប្បទាននេះ ក៏ដូចជាតាមរយៈទឹកប្រាក់ហិរញ្ញប្បទានផ្ទាល់ខ្លួនរបស់ប្រាសាក់។

លោកក៏បានបន្ថែមទៀតថា «យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះអតិថិជនទាំងអស់ ដែល បានគាំទ្រ និងប្រើប្រាស់សេវាឥណទានប្រាសាក់ និងសូមគោរពជូនពរ ចំពោះអតិថិជនទាំងអស់ សូមមានសុខភាព ល្អ និងមានសុវត្ថិភាព គ្រប់ៗគ្នា ក្នុងពេលវេលាដ៏លំបាកនេះ។ សូមចូលរួមសកម្មភាពការពារខ្លួនអ្នកផ្ទាល់ក្រុមគ្រួសារសហគមន៍ និងសង្គមជាតិយើង»

យើងរួមគ្នាដើម្បីបង្ការការឆ្លងជំងឺកូវីដ-19 និងរក្សាសុវត្ថិភាពកាន់តែខ្ពស់៕