(ក្រុងឡុងដ៍)៖ អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានលើកឡើងថា លោកបានទទួលរងការបំពាន បន្ទាប់ពីបានចូលរួមជាមួយរដ្ឋាភិបាលអង់គ្លេស ក្នុងការផ្តួចផ្តើមគំនិតលើកទឹកចិត្តឲ្យប្រជាជន ទៅចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

លោក Southgate វ័យ ៥០ឆ្នាំដែលបានថតវីដេអូគាំទ្រកម្មវិធីចាក់វ៉ាក់សាំង ជាផ្នែកមួយនៃយុទ្ធនាការ ដើម្បីជំរុញឲ្យប្រជាជនវ័យក្មេង ទៅចូលរួមចាក់វ៉ាក់សាំងនោះបានលើកឡើងថា វាគឺជា «ការទទួលខុសត្រូវ» ក្នុងការធ្វើបែបនេះ។

«មធ្យោបាយតែមួយគត់របស់យើង ដើម្បីគេចចេញពីជំងឺរាតត្បាតនេះ គឺការចាក់វ៉ាក់សាំង។ ពិតណាស់សម្រាប់មនុស្សងាយរងគ្រោះ។ ខ្ញុំយល់ថាយុវជនជាច្រើន មិនសូវចាប់អារម្មណ៍នោះទេ។ ពួកគេកំពុងសួរសំណួរ។ ខ្ញុំមិនដឹងថាវាត្រឹមត្រូវឬអត់ទេ»។

លោក Southgate ដែលបានតែងតាំងក្រុមកីឡាករ ២៥រូបសម្រាប់ការប្រកួតវគ្គជម្រុះ World Cup នៅខែក្រោយ កាលពីថ្ងៃព្រហស្បតិ៍នោះ បានលើកឡើងថា លោកបានដឹងថា លោកនឹងប្រឈមមុខនឹងការខឹងសម្បារ ដោយសារតែការគាំទ្រចំពោះការចាក់វ៉ាក់សាំងនេះ។

គួរជម្រាបថា អង់គ្លេស នឹងត្រូវប្រកួតវគ្គជម្រុះ World Cup តទល់នឹងក្រុមហុងគ្រី អង់ដូរ៉ា និងប៉ូឡូញ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែកញ្ញាខាងមុខ ហើយថ្មីៗនេះកំពុងនាំមុខគេ ក្នុងពូល I ជាមួយនឹង ៩ពិន្ទុពីការប្រកួតចំនួន ៣លើកនាពេលកន្លងមក៕