(ភ្នំពេញ)៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលតារាសម្ដែង និងជាពិធីការិនីមានប្រជាប្រិយភាពមួយដួង ប្រចាំក្នុងស្ថានីយ៍ទូរទស្សន៍បាយ័ន កញ្ញា ហ៉ិន ច័ន្ទនីរ័ត្ន បានហែលឆ្លងតស៊ូយ៉ាងស្វិតស្វាញក្នុងការងារសិល្បៈ រហូតដល់ទទួលបានការគាំទ្រ លើសមត្ថភាព និងទេពកោសល្យ ជាពិសេសគឺសម្រស់ដ៏ស្រស់ស្អាត ពីធម្មជាតិដោយមិនបានឆ្លងកាត់មុខកាំបិតកែសម្ផស្ស ចាប់តាំងពីនាងបានជាប់ជយលាភីលេខ១ ក្នុងកម្មវិធី Freshie Cambodia កាលពីជាង១០ឆ្នាំមុនមក។ ជាអ្វីដែល ហ៉ិន ច័ន្ទនីរ័ត្ន បានខិតខំប្រឹងប្រែង និងរក្សាបាននាពេលកន្លងមក នៅយប់មិញនេះ ក្នុងវិធី Freshie Cambodia វគ្គផ្ដាច់ព្រ័ត្រជំនាន់ទី២០ កញ្ញា ហ៉ិន ច័ន្ទនីរ័ត្ន បានទទួលពានរង្វាន់ «Hall of fame» គួរជាទីមោទនៈ ឲ្យសមនឹងកិត្តិយស និងការខិតខំរបស់នាង។

មានការកត់សម្គាល់ឃើញថា បើទោះជា ហ៉ិន ច័ន្ទនិរ័ត្ន ចម្រើនវ័យច្រើនជាងមុន ក្រោយពីទទួលបានជយលាភីលេខ១ ពេលប្រកួត រហូតក្លាយជាតារាសម្ដែង និងពិធីការិនី ប្រកបដោយសមត្ថភាព ប៉ុន្តែសម្រស់ពីធម្មជាតិរបស់នាង នៅតែរក្សាបានភាពផូរផង់ ដោយមិនបានកែច្នៃ ក្រោមមុខកាំបិតនោះឡើយ។

ក្រោយទទួលបានពានរង្វាន់ តារាសម្ដែង ហ៉ិន ច័ន្ទនីរ័ត្ន បានបង្ហាញចំណាប់អារម្មណ៍ដ៏រំភើបរបស់នាងថា «អារម្មណ៍មួយដែលរំភើប និងធ្វើឲ្យនឹកឃើញអតីតកាល មកដល់ពេលនេះ បើនិយាយពីបទពិសោធន៍ គឺច្រើនគួរសម។ ពានរង្វាន់ Hall of fame មួយនេះ គឺបានពីការគាំទ្ររបស់ Fan គ្រប់រូបដែលស្រឡាញ់ និងចូលចិត្តនាងខ្ញុំ! អរគុណដែលបានផ្តល់ក្តីស្រឡាញ់មួយនេះ នាងខ្ញុំនឹងចងចាំទុកជារៀងរហូត! អរគុណ Freshie Cambodia ដែលបានផ្តល់កិត្តិយស ក្នុងកម្មវិធីនេះសារជាថ្មី Love you so much all my fan»

ពានរង្វាន់ដែលប្រគល់ជូន ក្នុងការប្រកួតបិទបញ្ចប់ការប្រឡងហ្វ្រេសស៊ីជំនាន់ថ្មី សម្រាប់ ហ៉ិន ច័ន្ទនីរ័ត្ន នៅពេលនេះ គឺជាការឲ្យតម្លៃលើភាពតស៊ូ ភាពជាគំរូ និងកេរ្តិ៍ឈ្មោះ ល្បីល្បាញដែលរក្សាបានភាពស្អាតស្អំ ពិសេសគឺការថែរក្សាសម្រស់ឲ្យនៅក្មេងវ័យដដែល និងពុំដែលជួបប្រទះនូវរឿងរ៉ាវអាស្រូវណាមួយ ក្នុងជីវិតសិល្បៈ និងជីវិតឯកជនរបស់នាង ចាប់តាំងពីនាងទទួលបានតំណែងលេខ១ ក្នុងកម្មវិធី Freshie Cambodia អស់រយៈពេលជាង១០ឆ្នាំមកនេះ។

សូមបញ្ជាក់ថា តារាសម្ដែង និងជាពិធីការិនីប្រចាំទូរទស្សន៍បាយ័ន កញ្ញា ហ៉ិន ច័ន្ទនីរ័ត្ន ទោះបីមានវ័យច្រើនឆ្នាំហើយក្ដី ប៉ុន្តែនាងហាក់មិនទាន់មានបុរសណាម្នាក់នៅក្នុងបេះដូង ឬមានអ្នកនេះអ្នកនោះទាក់ទងរូបនាង នាំឲ្យមានឈ្មោះអាស្រូវនោះឡើយ។ ហ៉ិន ច័ន្ទនីរ័ត្ន ត្រូវបានទស្សនិកជន មើលឃើញថា ជាតារាម្នាក់មានចរិតស្រគត់ស្រគំ ថ្លៃថ្នូរ រួសរាយ និងម៉ឺងម៉ាត់លើការងារ ហើយមិនងាយនឹងពើបប្រទះ នឹងរឿងអាស្រូវស្នេហាណាស់៕