(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលសម្រេចការសាងសង់ជាង៩០ភាគរយហើយ ត្រៀមនឹងបើកដំណើរការនាពេលខាងមុខនេះ និងមានលក្ខណៈពិសេសៗជាច្រើនរួមមាន ស្ថាបត្យកម្មដ៏ប្លែកភ្នែក ទីតាំងដ៏ធំទូលាយ ចំណតយានយន្តប្រកបដោយផាសុកភាព និងជាទីតាំងសម្រាប់កម្សាន្តយ៉ាងសម្បូរបែប។

លោក Arnaud DUFRESNE អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានឱ្យដឹងថា៖ «ផ្សារទំនើប ជីប ម៉ុង សែនសុខ មានប្រភេទអាជីវកម្មប្លែកៗគ្នាជាច្រើនរួមមាន ផ្សារទំនើប ហាងលក់អាហារ និងភេសជ្ជៈ កន្លែងក្មេងលេង ហាងលក់គ្រឿងអេឡិកត្រូនិក ជាដើម។ មិនតែប៉ុណ្ណោះ ម៉ាកផលិតផលធំៗជាច្រើនក៏បានបោះជំហានចូលមកកាន់ផ្សារទំនើបមួយនេះផងដែរ»

លោក Arnaud ក៏បានបញ្ជាក់ទៀតថា៖ «បច្ចុប្បន្ន យើងនៅសល់ផ្ទៃជួលប្រមាណជា២០ភាគរយទៀត។ យើងនៅតែបន្តស្វាគមន៍ដៃគូថ្មីៗដែលមានបំណងចង់បើកអាជីវកម្មក្នុងផ្សារទំនើបរបស់យើង»

លោកបន្ថែមថា ផ្សារទំនើប ជីប ម៉ុង សែនសុខ នេះមានទីតាំងជាប់នឹងគម្រោងលំនៅឋាន ជីប ម៉ុង ផាក លែន សែនសុខ ដែលធ្វើឱ្យផ្សារនេះកាន់តែមានសក្ដានុពល ក្នុងការទាក់ទាញអតិថិជន ព្រមទាំងម្ចាស់អាជីវកម្មជាច្រើន។

ផ្សារទំនើប ជីប ម៉ុង សែនសុខ មានទីតាំងស្ថិតតាមបណ្ដោយផ្លូវលោកឧកញ៉ា ម៉ុង ឫទ្ធី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាទីតាំងដ៏ស័ក្ដិសមបំផុតសម្រាប់ដៃគូអាជីវកម្មទាំងអស់ និងជាទីតាំងកម្សាន្តដ៏អស្ចារ្យ៕