(ប៉ារីស)៖ ក្លិប PSG កំពុងតែសំឡឹងមើលការផ្ទេរដ៏អស្ចារ្យមួយជាមួយការនាំយកខ្សែប្រយុទ្ធ Richalrlison ពីក្លិបអង់គ្លេស Everton នៅរដូវក្តៅខាងមុខ បើសិនណាការព្រមព្រៀងលក់ Kylian Mbappe សម្រេចផ្ទេរទៅកាន់ក្លិប Real Madrid នៅទីផ្សារដោះដូរដែលនឹងជិតបិទបញ្ចប់ពេលវេលានោះ។ នេះបើតាមការចេញផ្សាយដោយ Dailymail នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

ក្នុងនោះប្រភពពី The Athletic បច្ចុប្បន្នភាពក្លិបអេស្ប៉ាញ Real Madrid បានបន្តបង្កើនទឹកប្រាក់នៃការដាក់សំណើថ្មីប្រមាណ ១៨០លានអឺរ៉ូ ដើម្បីទិញខ្សែប្រយុទ្ធ Mbappe ខណៈដែលរបាយការណ៍មួយបានឲ្យដឹងថា ភ្នាក់ងារទីផ្សាររបស់ខ្សែប្រយុទ្ធ Richarlison កំពុងស្ថិតនៅទីក្រុងប៉ារីស ពិភាក្សាលើកិច្ចព្រមព្រៀង បើសិនជាបុរស Mbappe បញ្ចប់ការព្រមព្រៀងផ្ទេរទៅកាន់ក្លិប Real Madrid មែននោះ។

ខ្សែប្រយុទ្ធ Everton សញ្ជាតិប្រេស៊ីល Richarlison ក៏ស្ថិតក្នុងបញ្ជីមួយរបស់ PSG ដែលការចាប់អារម្មណ៍នេះ ធ្វើឲ្យក្លិបរហស្សនាម «ស្ករគ្រាប់» មានការព្រួយបារម្ភអំពីអនាគតនៃខ្សែប្រយុទ្ធរបស់ពួកគេ គ្រាដែល Richarlison ត្រូវបានក្លិប Everton នាំមកពីក្លិប Watford កាលឆ្នាំ២០១៨។

មានរបាយការណ៍ជាច្រើនដូចជាប្រភពពី AFP បានបង្ហាញថា ក្លិប PSG នៅតែប្រកាន់ភ្ជាប់នៅគោលជំហរក្នុងការរក្សាខ្សែប្រយុទ្ធ Mbappe សម្រាប់រយៈពេល ២ឆ្នាំចុងក្រោយនេះ នៅពេលកិច្ចសន្យាចាស់មានត្រឹមឆ្នាំ២០២២៕