(ក្រុងឡុងដ៍)៖ កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានលាមិត្តភក្តិនៅក្លិបអ៉ីតាលី Juventus រួចរាល់ហើយ និងត្រៀមហោះមកបញ្ចប់កិច្ចព្រមព្រៀង ក្នុងការផ្ទេរមកក្លិបអង់គ្លេស Manchester City ជាផ្លូវការ។ នេះបើតាមការបញ្ជាក់របស់លោក Fabrizio Romano អ្នកសារព័ត៌មានកីឡាដ៏ល្បីរបស់សារព័ត៌មាន Sky Sport Italy លើបណ្តាញ Twitter នៅមុននេះបន្តិច។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់បានឈានដល់កិច្ចព្រមព្រៀងសម្រាប់លក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបមេឃខៀវ Manchester City ខណៈមិនទាន់មានការបង្ហាញកិច្ចព្រមព្រៀងរវាងក្លិបទាំងពីរនោះទេ ជុំវិញការផ្ទេរពីក្លិប Juventus។

យោងតាមសារព័ត៌មាន Sky Sport បានរាយការណ៍ថា City មានឆន្ទៈចង់បាន Ronaldo ជាមួយកិច្ចសន្យា ២ឆ្នាំ ខណៈប្រាក់ឈ្នួល ១៥លានអឺរ៉ូ ឬ ១៧លានដុល្លារអាមេរិកក្នុង ១រដូវកាល។ ពេលនៅ Juventus គាត់ទទួលបាន ៣១លានអឺរ៉ូ ក្នុងមួយរដូវកាល ដែលចំនួននេះជាថវិកាក្រោយបង់ពន្ធរួច ហើយច្រើនជាងចំនួនដែលក្លិប City ផ្តល់ឲ្យគាត់ពាក់កណ្តាល។

ខណៈប្រភពពី BBC បានឲ្យដឹងថា ក្លិប Man City ជាក្លិបមួយក្នុងចំណោមក្លិបផ្សេង ដែលមានការទាក់ទងក្នុងការផ្ទេរខ្សែប្រយុទ្ធ Ronaldo គ្រាដែលភ្នាក់ងារទីផ្សារ លោក Jorge Mandes បានបង្ហាញថា Ronaldo បានព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់ហើយ។

សូមជម្រាបថា ថ្មីៗនេះមានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា រឿងខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo អង្គុយកៅអីបម្រុងនៅថ្ងៃបើកឆាកពានកំពូលប្រទេសអ៉ីតាលី Serie A គឺជាប្រផ្នូលគាត់ចង់ចេញពីក្លិប Juventus។

ក្លិប Juventus បានទិញ Ronaldo ក្នុងតម្លៃជាង ១២២លានអឺរ៉ូ ជាមួយកិច្ចសន្យា ៤ឆ្នាំពីក្លិបយក្សអេស្ប៉ាញ Real Madrid។ Ronaldo បានចូលរួមជាមួយ Real Madrid ក្រោយចេញពី Manchester United កាលពីខែកក្កដា ឆ្នាំ២០០៩ ដែលបានរកគ្រាប់បាល់ ៤៥០គ្រាប់ ក្នុងការលេង ៤៣៨លើក រយៈពេល ៩រដូវកាល។

ជាមួយ Real Madrid ខ្សែប្រយុទ្ធ Ronaldo បានឈ្នះពាន Champions League ចំនួន ៤ដង និងពាន La Liga ចំនួន ២ដង។ គាត់នៅសល់ពេល មិនដល់ ១០ខែទៀតទេ សម្រាប់ការលេងនៅ Juventus៕