(ក្រុងឡុងដ៍)៖ ក្លិបបិសាចក្រហម Manchester United កាន់តែមានទំនុកចិត្តក្នុងការចុះកិច្ចសន្យា ជាមួយ Cristiano Ronaldo បន្ទាប់ពីក្លិបមេឃខៀវ Manchester City បានប្រកាសពីការឈប់ចាប់អារម្មណ៍ ក្នុងការចុះកិច្ចសន្យាជាមួយកំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់។

យោងតាមសារព័ត៌មាន Sky Sport ចេញផ្សាយនៅយប់ថ្ងៃសុក្រ ទី២៧ ខែសីហានេះ បានបញ្ជាក់ថា Manchester City មិនដែលផ្ញើសំណើផ្លូវការទៅ Ronaldo នោះទេ ទោះបីជាបានទាក់ទងដំបូង និងសន្យាផ្ដល់កិច្ចសន្យា ២ឆ្នាំជាមួយ Ronaldo ក្នុងតម្លៃខ្លួន ១៥លានអឺរ៉ូ ក្នុងមួយរដូវកាលក្តី។

ក្លិបបិសាចក្រហម បានកាត់ផ្លូវក្នុងការចុះកិច្ចសន្យារវាង City និងសេះបង្កង់ Juventus។ មានសេចក្តីរាយការណ៍ថា Sir Alex ថ្មីៗនេះបានបញ្ចុះបញ្ចូលអូសទាញ Ronaldo ឲ្យមកវិញ ទើបកីឡាកររូបនេះគោរព និងស្ដាប់តាម។

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានប្រាប់ទៅក្លិប Juventus ថា គាត់ចង់ចាកចេញ ហើយទៅលេងឲ្យក្លិបដទៃ។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន Bloomberg នៅយប់ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។

ប្រភពដដែលបានស្រង់សម្តី របស់លោក Massimiliano Allegri ដែលជាគ្រូបង្វឹកក្លិបសេះបង្កង់ នៅថ្ងៃសុក្រនេះ យ៉ាងដូច្នេះថា៖ «ម្សិលមិញ Cristiano បានប្រាប់ខ្ញុំថា គាត់អត់មានគម្រោងចង់លេងឲ្យ Juventus បន្តទៀតនោះទេ»។

Allegri បន្តថា ក្នុងន័យនេះ គាត់នឹងមិនបានចូលលេងនៅលីគកំពូលអេស្ប៉ាញ Serie A ពេលក្លិបសេះបង្កង់ប៉ះជាមួយ Empoli ។ សូមជម្រាបថា Manchester City កំពុងតែពិចារណា ក្នុងការទិញខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់។

នៅថ្ងៃសុក្រនេះ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ ក៏មិនបានចូលហ្វឹកហាត់ដែរ ប៉ុន្តែកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo បែរជាទៅលាមិត្តភក្តិនៅក្លិបអ៉ីតាលី Juventus ទៅវិញ។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ ធ្លាប់បានឈានដល់កិច្ចព្រមព្រៀងសម្រាប់លក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបមេឃខៀវ Manchester City ខណៈមិនទាន់មានការបង្ហាញកិច្ចព្រមព្រៀងរវាងក្លិបទាំងពីរនោះទេ ជុំវិញការផ្ទេរពីក្លិប Juventus។

យោងតាមសារព័ត៌មាន Sky Sport បានរាយការណ៍ថា City មានឆន្ទៈចង់បាន Ronaldo ជាមួយកិច្ចសន្យា ២ឆ្នាំ ខណៈប្រាក់ឈ្នួល ១៥លានអឺរ៉ូ ឬ ១៧លានដុល្លារអាមេរិកក្នុង ១រដូវកាល។ ពេលនៅ Juventus គាត់ទទួលបាន ៣១លានអឺរ៉ូ ក្នុងមួយរដូវកាល ដែលចំនួននេះជាថវិកាក្រោយបង់ពន្ធរួច ហើយច្រើនជាងចំនួនដែលក្លិប City ផ្តល់ឲ្យគាត់ពាក់កណ្តាល។

ក្លិប Juventus បានទិញ Ronaldo ក្នុងតម្លៃជាង ១២២លានអឺរ៉ូ ជាមួយកិច្ចសន្យា ៤ឆ្នាំពីក្លិបយក្សអេស្ប៉ាញ Real Madrid។ Ronaldo បានចូលរួមជាមួយ Real Madrid ក្រោយចេញពី Manchester United កាលពីខែកក្កដា ឆ្នាំ២០០៩ ដែលបានរកគ្រាប់បាល់ ៤៥០គ្រាប់ ក្នុងការលេង ៤៣៨លើក រយៈពេល ៩រដូវកាល។

ជាមួយ Real Madrid ខ្សែប្រយុទ្ធ Ronaldo បានឈ្នះពាន Champions League ចំនួន ៤ដង និងពាន La Liga ចំនួន ២ដង។ គាត់នៅសល់ពេល មិនដល់ ១០ខែទៀតទេ សម្រាប់ការលេងនៅ Juventus៕