(អាមេរិក)៖ លោក Tim Cook នាយក ប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា ទើបតែទទួលបានហ៊ុនថ្មី ចំនួន ៥លានហ៊ុន ពីក្រុមហ៊ុន Apple ដែលមានតម្លៃជាង ៧៥០លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

ការទទួលបានហ៊ុនដែលមានតម្លៃជាង ៧៥០លានដុល្លារអាមេរិកនេះ គឺចំថ្ងៃខួប ១០ឆ្នាំនៃការឡើងកាន់តំណែង CEO របស់លោក Tim Cook បន្ទាប់ពីលោក Steve Jobs បានលាឈប់។ នេះមិនមែនជាលើកទី១នោះទេចំពោះ Tim Cook ដែលទទួលបានហ៊ុន ចំពី ក្រុមហ៊ុន Apple ដែលមានតម្លៃច្រើននោះ ពោលគឺចាប់តាំងពីឆ្នាំ២០១១មក លោកទទួលបានហ៊ុនច្រើនសន្ធឹកជារៀងរាល់ឆ្នាំក្នុងនាមជា CEO របស់ Apple។

កាលពីសប្ដាហ៍មុននេះ លោក Tim Cook បានបរិច្ចាក ១០លានដុល្លារអាមេរិកនៃហ៊ុន Apple ទៅកាន់មូលនិធិសប្បុរសធម៌មួយដែលមិនបង្ហាញឈ្មោះ។

គួរបញ្ជាក់ផងដែរថា លោក Tim Cook បានឡើងកាន់តំណែងជា CEO របស់ក្រុមហ៊ុន Apple នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ ក្រោយពេល Steve Jobs លាលែងពីតំណែង ដោយសារតែជំងឺមហារីកលំពែងឈានដល់ដំណាក់កាលចុងក្រោយ និងបាន ស្លាប់ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ពោលគឺក្រោយពេល Tim Cook ឡើងកាន់តំណែងបាន ៦សប្ដាហ៍៕