(មេនឆេស្ទើ)៖ គ្រាន់តែកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo វិលមកទ្រនំចាស់វិញភ្លាម ធ្វើឲ្យភាគហ៊ុនរបស់ក្លិបបិសាចក្រហម Manchester United កើនឡើងរហូតដល់ទៅ ៨% ឯណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។

CNN បានបញ្ជាក់យ៉ាងដូច្នេះថា «តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់ Cristiano Ronaldo កំពុងតែចូលរួមឡើងវិញក្នុងក្លិប Manchester United នៅអង់គ្លេស ដែលជាក្លិបគាត់លេងកាលពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩។ ដំណឹងនេះធ្វើឲ្យភាគហ៊ុនរបស់ក្លិបបិសាចក្រហម ដែលត្រូវបានជួញដូរជាសាធារណៈនៅសហរដ្ឋអាមេរិក កើនឡើងដល់ ៨% »

បើតាមលោក Per Joe Pompliano អ្នកសារព័ត៌មានដ៏ល្បីផ្នែកសេដ្ឋកិច្ចបានរាយការណ៍ថា ភាគហ៊ុនកើនឡើង ៨% នេះមានន័យថា Ronaldo បានជួយបង្កើនចំណូលដល់ក្លិប Manchester United ប្រមាណ ២៥០លានដុល្លារ ក្នុងទីផ្សារមូលធននៃភាគហ៊ុនរួចរាល់ហើយ។

ក្រោយចាកចេញ ១២ឆ្នាំ Manchester United បានចុះកិច្ចសន្យាទិញ Ronaldo ពីក្លិបសេះបង្កង់ Juventus ក្នុងតម្លៃ ២៥លានអឺរ៉ូ។ យោងតាមការចុះផ្សាយដោយសារព័ត៌មានបរទេសល្បីៗនៅយប់ថ្ងៃសុក្រ ទី២៧ ខែសីហា បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ មានរយៈពេល ២ឆ្នាំ គឺរហូតដល់ឆ្នាំ ២០២៣ ហើយក្លិបផ្តល់ឲ្យគាត់ជាង ៥៥ម៉ឺនអឺរ៉ូក្នុង ១សប្តាហ៍ (៤៨០,០០០ផោន)។

ក្លិបបិសាចក្រហម ក៏បានប្រកាសលើបណ្តាញសង្គមយ៉ាងដូច្នេះថា «Manchester United មានសេចក្តីសោមនស្សរីករាយក្នុងការបញ្ជាក់ថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងជាមួយ Juventus ក្នុងការផ្ទេរកីឡាករ Cristiano Ronaldo»

សូមជម្រាបថា ក្លិប Juventus បានទិញ Ronaldo ក្នុងតម្លៃជាង ១២២លានអឺរ៉ូជាមួយកិច្ចសន្យា ៤ឆ្នាំពីក្លិបយក្សអេស្ប៉ាញ Real Madrid ក្រោយចេញពី Manchester United កាលពីខែកក្កដា ឆ្នាំ២០០៩។ តាមពិតទៅប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ ៣៦ឆ្នាំនៅសល់ពេល មិនដល់ ១០ខែទៀតទេ សម្រាប់ការលេងនៅ Juventus មុនវិលមកទ្រនំចាស់វិញ៕