(ឡុងដ៏)៖ ក្លិបញញួរធំ West Ham United បានព្រមព្រៀងជាមួយក្លិប Chelsea ទិញបានខ្សែការពារ Kurt Zouma ក្នុងតម្លៃប្រមាណ ២៥លានផោន ខណៈក្លិប Tottenham Hotspur ក៏បាននាំយកខ្សែការពារវ័យក្មេង ១៨ឆ្នាំ Pape Matar Sarr ពីក្លិបបារាំង Metz តែស្ថិតក្នុងលក្ខខណ្ឌខ្ចីជើង ១រដូវកាលវិញ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

ប្រភពខាងលើបានបន្តថា ខ្សែការពារ Zouma វ័យ ២៦ឆ្នាំសញ្ជាតិបារាំង កំពុងតែពិនិត្យសុខភាព ហើយក៏ត្រូវបានយល់ថា បានព្រមពៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនដែលជិតបិទបញ្ចប់ ខណៈរូបគេលេងបាន ៣៦ប្រកួតជាមួយ Chelsea គ្រប់កម្មវិធីកាលពីរដូវកាលមុន ខណៈមិនស្ថិតក្នុងគោលដៅរបស់គ្រូថ្មី លោក Thomas Tuchel ដែលមានគោលការណ៍ទៅលើខ្សែការពារក្លិប Sevilla គឺកីឡាករ Jules Kounde។

Kurt Zouma បានចូលជាមួយ Chelsea នៅឆ្នាំ២០១៤ ពីក្លិប Saint-Etienne ហើយត្រូវបានបន្តខ្ចីជើងជាមួយក្លិបផ្សេងរួមមាន Stoke City និង Everton នៃលីគ Premier League ដោយរូបគេលេងបាន ១៥១ប្រកួតជាមួយ Chelsea រកបាន ១០គ្រាប់ ខណៈ West Ham United កំពុងឈរកំពូលតារាងក្រោយឈ្នះ ២ប្រកួតបើកឆាករដូវកាលឆ្នាំ២០២១-២០២២ បណ្តោះអាសន្ន៕