(តួកគី)៖ ការចាប់ឆ្នោតវគ្គចែកពូលនៃការប្រជែងពានរង្វាន់លីគទី២ អឺរ៉ុប Europa League 2021-2022 ត្រូវបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ត្រូវបានបង្ហាញថា ក្លិប Leicester City, Napoli, Spartak Moskva និង Legia Warszawa ស្ថិតក្នុងពូល C ខណៈក្លិប West Ham ស្ថិងក្នុងនៅពូល H។ នេះបើតាមការចេញផ្សាយដោយស្ថាប័ន UEFA នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

ក្នុងការប្រកួតវគ្គជម្រុះតាមពូលដែលមានចាប់ពីពូល A ដល់ពូល H នោះ មាន ៣២ក្រុមត្រូវប្រជែង និងចាប់ផ្តើមពីថ្ងែទី១៦ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅពេលស្ថាប័នបាល់ទាត់អឺរ៉ុប UEFA ក៏បន្តឲ្យដឹងថា ការប្រកួតវគ្គ ១៦ក្រុមនឹងធ្វើឡើងចាប់ផ្ដើមពីថ្ងៃទី១០ និងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

ការប្រកួតវគ្គ ៨ក្រុមបន្តធ្វើនៅថ្ងៃទី០៧ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ គ្រាដែលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលជាវគ្គចាញ់-ធ្លាក់ធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។ ដោយឡែកវគ្គដណ្តើមពានគ្រោងធ្វើនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

គួររំលឹកផងថា Sevilla របស់អេស្ប៉ាញជាក្លិបដែលឈ្នះពាននេះ ៦លើកច្រើនជាងគេ ហើយក៏មានកំណត់ត្រាល្អដោយឈ្នះ ៣ដងជាប់គ្នានៅរដូវកាល ២០១៤,២០១៥ ឆ្នាំ២០១៦៕