(ភ្នំពេញ)៖ តារាស្រីវ័យក្មេងពោរពេញដោយសមត្ថភាពផ្នែកសិល្បៈ និងបច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាពខ្លាំងលើវិថីសិល្បៈ គឺកញ្ញា រ៉េត ស៊ូហ្សាណា ទន្ទឹមនឹងការទទួលចំនួនគាំទ្រពីទស្សនិកជនយ៉ាងច្រើនហើយនោះ នៅពេលនេះ ស្រាប់តែទទួលក្តាប់បានតំណែងជាតួឯកក្នុងរឿងភាគថ្មីមួយ ដែលបង្ករការចាប់អារម្មណ៍ជាខ្លាំងដល់បណ្តាអ្នកគាំទ្រ ជាពិសេសគ្រប់គ្នាហាក់កំពុងរង់ចាំស្នាដៃថ្មីរបស់នាងយ៉ាងអន្ទះសារ។ ត្បិតថា តាំងពីវិវត្តន៍ខ្លួនពីអាជីពចម្រៀង ទៅជាតារាសម្តែង និងគ្រងបានតំណែងសុទ្ធតែជាតួឯកក៏ពិតមែន តែតារាស្រីទឹកមុខមានមន្តស្នេហ៍រូបនេះ បានប្រកាន់ជំហរថា នាងមិនប្រកាន់ចរិតតួឯកឡើយ ពោលគឺមិនរើសតួអង្គក្នុងការសម្តែងទេ តួបែបណាក៏នាងសម្តែងបានដែរ ឲ្យតែផលិតករតម្រូវមក។

ការថ្លែងបញ្ជាក់យ៉ាងដូច្នេះ គឺតាមរយៈកញ្ញា រ៉េត ស៊ូហ្សាណា ថ្លែងប្រាប់ Fresh News Plus នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ស្របពេលដែលរឿងភាគថ្មី ដែលកញ្ញាសម្តែងជាតួឯកគ្រោងចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះ។ តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយ Fresh News Plus តារាស្រីសំនៀងពីរោះរណ្តំចិត្តរូបនេះ បានបញ្ជាក់ថា រូបនាងសម្តែងរឿងភាគសរុបបានចំនួន៣រឿងហើយ បូកបញ្ចូលទាំងរឿងថ្មី ដែលគ្រោងចាក់បញ្ចាំងនេះ។ រឿងទី១ គឺមានចំណងជើងថា «បិសាចគួរឲ្យស្រឡាញ់», រឿងទី២ ចំណងជើងថា «ម៉ែក្មេកចេញពីឋានព្រះច័ន្ទ» និងរឿងទី៣ សុំមិនបញ្ចេញចំណងជើង ខណៈទាំង៣រឿងភាគនេះ គឺនាងសុទ្ធបានក្តាប់បានតំណែងតួឯកតែម្តង។

ស្តាប់មើលទៅ ទោះបីជាបានវិវត្តន៍ខ្លួន ចាប់យកអាជីពសម្តែងមួយបន្ថែមទៀត ពីលើអាជីពជាតារាចម្រៀង និងសុទ្ធតែក្តោបក្តាប់តំណែងតួឯកក៏ពិតមែន តែម្ចាស់បទ «ត្រូវការកម្លាំងចិត្ត» រូបនេះ ហាក់បង្ហាញជំហរមិនប្រកាន់ចរិតតួឯកឡើយ ចំពោះការទទួលតំណែងជាតួអង្គនានាក្នុងការថតភាពយន្ត។ បើនិយាយទៅ ប្រសិនបើរឿងណាមួយអ្នកដឹកនាំតម្រូវឲ្យសម្តែងជាតួរង ឬតួបន្តបន្ទាប់បន្សំ តារារូបនេះនៅតែទទួលយក ដោយមិនប្រកាន់ខ្លួនឡើយ។

ស៊ូហ្សាណា បាននិយាយថា «ចា៎បង! ចំពោះខ្ញុំ គឺខ្ញុំអត់ប្រកាន់រឿងតួរង តួឯកទេបង ព្រោះខ្ញុំគិតថាតួមួយណានៅក្នុងសាច់រឿងក៏សុទ្ធតែសំខាន់ដូចគ្នា ព្រោះថាបើសិនជានៅក្នុងរឿងអត់មានតួរង ក៏អត់អាចមានតួឯក ដូច្នេះតួក្នុងរឿងមួយៗគឺសំខានទាំងអស់ ចឹងខ្ញុំអត់ប្រកាន់ខ្លួនទេបង ថានឹងត្រូវសម្តែងតួអីៗ គឺខ្ញុំនឹងសម្តែងទាំងអស់...»

បន្ថែមពីនេះ តារាវ័យក្មេងរូបសម្រស់ស្រស់សោភា ទឹកមុខមានមន្តស្នេហ៍គួរជាទីគយគន់ ស៊ូ ហ្សាណា ដែលវិវត្តន៍ខ្លួនពីតារាចម្រៀង ទៅជាតារាសម្តែង បានបង្ហើបឲ្យដឹងថា សម្រាប់នាងការច្រៀងនិងការសម្តែងភាពយន្ត គឺមានភាពខុសគ្នាខ្លាំង ព្រោះថាការច្រៀងជាអាជីពដែលស្រឡាញ់តាំងពីក្មេង ដូច្នេះមិនសូវមានភាពលំបាកសម្រាប់នាងទេ ខណៈការសម្តែងគឺទើបតែចាប់ផ្តើម ហេតុនេះហើយ គឺមានភាពលំបាកយ៉ាងខ្លាំងសម្រាប់រូបនេះ។ ទោះជាបែបនេះក្តី នាងថា ខ្លួនបានខិតខំព្យាយាមសម្តែងឲ្យអស់ពីសមត្ថភាព ដើម្បីកំដរចំណីចក្ខុរបស់ទស្សនិកជន ហើយសង្ឃឹមថា ទស្សនិកជននឹងយោគយល់ ក៏ដូចជាបន្តគាំទ្រស្នាដៃរបស់នាងបន្តទៀត មិនថាចម្រៀង ឬការថតភាពយន្តឡើយ។

គួរជម្រាបថា សម្រាប់ស្នាដៃភាពយន្តថ្មីរបស់នាង គឺមិនច្បាស់ថាចាក់បញ្ចាំងនៅថ្ងៃណាទេ ពោលគឺប្រហែលជាចេញនៅខែក្រោយនេះ។ រ៉េត ស៊ូហ្សាណា ក៏បានផ្ញើសារថ្លែងអំណរគុណទស្សនិកជន ដល់តែងតែគាំទ្រនាងតាំងពីដើមរហូតមកទល់នឹងបច្ចុប្បន្ននេះ ប្រសិនបើគ្មានការស្រឡាញ់ចូលចិត្ត គាំទ្រពីទស្សនិកជនទេ ក៏មិនអាចមានកំលាំងចិត្តបន្តការងារសិល្បៈ និងមានបងប្អូនទទួលស្គាល់ច្រើនដូចបច្ចុប្បន្ននេះដែរ៕