(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឲ្យសហព័ន្ធកីឡាទូកក្ដោងកម្ពុជា សហការជាមួយសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី រៀបចំការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ (2021 Southeast Asian Sailing Championships) នៅខេត្តព្រះសីហនុហើយ ខណៈការប្រកួតគ្រោងធ្វើឡើងពីថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

ការបើកភ្លើងខៀវរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី បន្ទាប់ពីមានការស្នើសុំជាគោលការណ៍ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បន្ទាប់ពីគណៈកម្មាធិការជាតិ CAMSOC បានគាំទ្រពេញទំហឹង ចំពោះគម្រោងសហការរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់ខាងលើ។

សហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានគាំទ្រ និងអនុញ្ញាតឲ្យសហព័ន្ធកីឡាទូកកម្ពុជា សហការជាមួយសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ក្នុងការរៀបចំព្រឹត្តិការណ៍ Southeast Asian Sailing Championships 2021 នៅកម្ពុជា ដែលនេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្ដ្រថ្មីមួយរបស់កីឡាទូកក្ដោងកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្ដរជាតិលើកដំបូងរបស់ខ្លួន។

ស្របជាមួយគ្នា ប្រធានសហព័ន្ធលោក ថាង ហ្កោដុន បានបន្ថែមការថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលសម្តេចបានអនុញ្ញាតដល់មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិ ក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិសេសដូសទី៣ ឬដូសជំរុញ ដែលជាយុទ្ធនាការដ៏មានសារៈសំខាន់ក្នុងការចាប់ផ្តើមដំណើរការហ្វឹកហាត់ឡើងវិញ ក៏ដូចជាការត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍ Southeast Asian Sailing Championships 2021 នាពេលឆាប់ៗខាងមុខ។

គួរដឹងថា រស្នើសុំរៀបចំព្រឹត្តិការណ៍កីឡាទូកក្ដោងអន្ដរជាតិ នៅខេត្តព្រះសីហនុ ដោយសារប្រទេសវៀតណាម ម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២១ ដែលកំពុងពន្យារពេលទៅដើមឆ្នាំ២០២២ មិនបានបញ្ចូលប្រភេទកីឡាទូកក្ដោងក្នុងកម្មវិធីប្រកួត។ ដូច្នេះដើម្បីលើកទឹកចិត្តដល់កីឡាករទូកក្ដោង នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានខិតខំហ្វឹកហាត់ត្រៀមការប្រកួតស៊ីហ្គេមមិនបាន ទើបបណ្ដាប្រទេសក្នុងតំបន់បានឯកភាពគ្នា រៀបចំការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នេះវិញ។

តាមការគ្រោងទុកការប្រកួតនៅតំបន់ឆ្នេរស្អាតកម្ពុជានេះ នឹងមានកីឡាករប្រមាណ ១៥០នាក់មកពី ៦ប្រទេសចូលរួមប្រកួតលើ ១២វិញ្ញាសា ដែលកម្ពុជា និងសិង្ហបុរីចែកគ្នារៀបចំ ៥០% ម្នាក់។ តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជារំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដល់គុណផល និងបច្ចេកទេសកីឡា ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង និងអត្ថប្រយោជន៍ជាកិត្តិយស កិត្យានុភាពជាតិ ក្នុងនាមជាម្ចាស់ផ្ទះផង។ ពិសេសក៏បង្ហាញពីការចាប់ផ្ដើមស្ដារសេដ្ឋកិច្ចសង្គម និងទេសចរណ៍ក្នុង និងក្រោយស្ថានភាពវិបត្តិកូវីដ-១៩ ផងដែរ៕