(កាប៊ុល)៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បាននិយាយថា ខ្លួនកំពុងចរចាជម្លៀសកីឡាករបាល់ទាត់ និងអត្តពលិកជាច្រើនទៀត ចេញពីប្រទេសអាហ្វាហ្គានីស្ថាន ក្រោយពីក្រុមតាលីបង់កាន់កាប់រដ្ឋធានីកាប៊ុល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។

អ្នកនាំពាក្យ FIFA បានបញ្ជាក់យ៉ាងដូច្នេះថា «លោកប្រធាន និងលោកអគ្គលេខាធិការ កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងពីស្ថានភាព នឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំជាមួយរដ្ឋាភិបាលនានា និងដៃគូពាក់ព័ន្ធ ដើម្បីយកកីឡាករ និងអត្តពលិកចេញពីប្រទេស។ ភាពដឹកនាំរបស់ FIFA បានចូលរួមដោយផ្ទាល់ក្នុងការចរចាការជម្លៀសកីឡាករបាល់ទាត់ និងអត្តពលិកដទៃទៀត»

កាលពីយប់ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ សមាជិក ៥នាក់នៃក្រុមរ៉ូបូតផ្នែកស្ត្រី និងអ្នកសារព័ត៌មានរាប់រយនាក់របស់ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានជម្លៀសទៅប្រទេសម៉ិចស៉ិច ក្រោយសហរដ្ឋអាមេរិកដកទ័ពពីប្រទេសនេះ ហើយរដ្ឋធានីកាប៊ុលនៃប្រទេស ក៏ត្រូវធ្លាក់ក្នុងកណ្តាប់ដៃក្រុមតាលីបង់។

កាលពីថ្ងៃអង្គារ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រីនៃប្រទេសអាហ្វហ្គានីស្ថាន ចំនួន ៧៧នាក់ ក្នុងចំណោមអត្តពលិកផ្សេងទៀត និងគ្រួសារពួកគេផងនោះ ក៏ត្រូវបានរដ្ឋាភិបាលអូស្ត្រាលីជម្លៀសចេញពីរដ្ឋធានីកាប៊ុល ដោយសុវត្ថិភាពផងដែរ។

សូមជម្រាបដែរថា ថ្មីៗនេះ FIFA បានសរសេរសារផ្ញើទៅកាន់បណ្តាប្រទេសនានា ដើម្បីស្នើសុំឲ្យមានការជម្លៀស ក្រុមកីឡាការិនីជម្រើសជាតិអាហ្វហ្គានីស្ថានជាបន្ទាន់។ ការអំពាវនាវខាងលើបានធ្វើឡើងបន្ទាប់ពីក្រុមកីឡាការិនីទាំងនោះនិយាយថា ពួកគេមានការភ័យខ្លាច បន្ទាប់ពីក្រុមតាលីបង់កាន់កាប់រដ្ឋធានីកាប៊ុល។

ក្រុមតាលីបង់ ដណ្តើមបានអំណាចក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដោយសារតែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដកទ័ពចេញពីប្រទេស។ សេតវិមាន និងសម្ព័ន្ធមិត្តអាមេរិក កំពុងតែព្យាយាមជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន មុនថ្ងៃទី៣១ ខែសីហានេះ ដែលជាពេលវេលាផុតកំណត់នៃការឯកភាពគ្នា រវាងអាមេរិកជាមួយក្រុមតាលីបង់។

ក្រុមតាលីបង់ ដែលបានរឹតត្បិតសិទ្ធិស្ត្រីក្នុងការទៅសាលារៀន ក៏ដូចជាធ្វើការផងនោះ បានគ្រប់គ្រងអាហ្វហ្គានីស្ថានមួយលើករួចហើយ កាលពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ខណៈពេលដែលការឡើងកាន់អំណាចលើកទី២ ពួកគេបានសន្យាថា នឹងគោរពសិទ្ធិស្ត្រី និងផ្តល់ឲ្យស្ត្រីនូវសិទ្ធិអប់រំផងដែរ៕