(ភ្នំពេញ)៖ ទោះបីជាតុលាការបានធ្វើការវាយតម្លៃទ្រព្យ ធ្វើការកំណត់ចំណែកនៃសិទ្ធិលើទ្រព្យរួម និងកំណត់វិធីបែងចែកទ្រព្យក៏ដោយ ក៏ត្រូវមានលក្ខណៈស្មើភាគនៃចំណែកដែលត្រូវទទួលជាក់ស្តែងលើទ្រព្យផងដែរ ហេតុនេះតុលាការត្រូវសម្រួលចំណែកដែលទទួលបានឱ្យមានភាពស្មើគ្នា សម្រាប់ប្តីប្រពន្ធ នៅក្នុងការទាមទារបែងចែកទ្រព្យរួមប្តីប្រពន្ធ។ ដូច្នេះដើម្បីសម្រួលទ្រព្យរួមទាំងនោះបាន តើតុលាការត្រូវសម្រួលទ្រព្យទាំងនោះដោយវិធីណា ?

ដើម្បីឱ្យយល់កាន់តែច្បាស់អំពីការសម្រួលទ្រព្យខាងលើ សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «ការសម្រួលទ្រព្យរួមឱ្យមានលក្ខណៈសមាមាត្រដោយតុលាការ» មកធ្វើការបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖

ឧទាហរណ៍ ៖
* «ក» ជាប្តី «ខ» ជាប្រពន្ធ
* «ខ» បានដាក់ពាក្យបណ្តឹងលែងលះ «ក» និងទាមទារឱ្យតុលាការបែងចែកទ្រព្យរួម
* ទ្រព្យសម្បត្តិរួមមានដូចជាដី L នៅជាយក្រុងភ្នំពេញ ផ្ទះកំពុងរស់នៅសព្វថ្ងៃ និងប្រកបអាជីវកម្មលក់ចាប់ហួយ ប្រាក់សន្សំនៅក្នុងគណនីធនាគារចំនួន 20,000 (ពីរម៉ឺន) ដុល្លារអាមេរិក ម៉ូតូមួយគ្រឿងម៉ាកHonda Dream ស៊េរីឆ្នាំ 2020 រថយន្តមួយគ្រឿងម៉ាក LEXUS 330 ឆ្នាំ 2007 នាឡិកាបីគ្រឿង គ្រឿងអលង្ការពីរឈុត។
* ទ្រព្យរួមទាំងនេះភាគីមិនឯកភាពក្នុងការបែងចែក និងបានស្នើសុំមកតុលាការឱ្យធ្វើការបែងចែក។

តើតុលាការត្រូវសម្រួលទ្រព្យរួមនេះយ៉ាងដូចម្តេច?
សន្មតថា តុលាការបានកំណត់ចំណែកនៃសិទ្ធិលើទ្រព្យរួមនេះសម្រាប់ប្តីប្រពន្ធ ក្នុងចំណែកម្នាក់ៗចំនួន ១ភាគ២ និងបានវាយតម្លៃទ្រព្យរួមខាងលើនេះ សរុបមានតម្លៃ370,000(បីសែនប្រាំពីរម៉ឺន) ដុល្លារអាមេរិក ហើយតុលាការកំណត់វិធីបែងចែកទ្រព្យរួមនេះ តាមរយៈការដោះដូរ។

ផ្អែកលើសម្មតិកម្មនេះ ទ្រព្យរួមទាំងនេះ ត្រូវបានវាយតម្លៃដូចខាងក្រោម៖

* ⓐ ដី L នៅជាយក្រុងភ្នំពេញ មានតម្លៃ ៖ 100,000 (មួយសែន) ដុល្លារអាមេរិក
* ⓑ ផ្ទះកំពុងរស់នៅសព្វថ្ងៃ មានតម្លៃ ៖ 200,000 (ពីរសែន) ដុល្លារអាមេរិក
* ⓒ ម៉ូតូមួយគ្រឿងម៉ាកHonda Dream ស៊េរីឆ្នាំ 2020 ៖ 2,000 (ពីរពាន់) ដុល្លារអាមេរិក
* ⓓ រថយន្តមួយគ្រឿងម៉ាក LEXUS 330 ឆ្នាំ 2007 ៖ 20,000 (ពីរម៉ឺន) ដុល្លារអាមេរិក
* ⓔ នាឡិកាបីគ្រឿង មានតម្លៃ ៖ 8,000 (ប្រាំបីពាន់) ដុល្លារអាមេរិក
* ⓕ គ្រឿងអលង្ការពីរឈុត មានតម្លៃ ៖ 20,000 (ពីរម៉ឺន) ដុល្លារអាមេរិក
* ⓖ ប្រាក់សន្សំនៅក្នុងគណនីធនាគារចំនួន 20,000 (ពីរម៉ឺន) ដុល្លារអាមេរិក ៖ មិនចាំបាច់
វាយតម្លៃនោះទេ។

ផ្អែកតាមសម្មតិកម្មនេះ តុលាការកំណត់ចំណែកនៃទ្រព្យរួម ម្នាក់ៗចំនួន ១ភាគ២ នាំឱ្យប្រពន្ធនឹងទទួលបានទ្រព្យរួម មានតម្លៃ185,000(មួយសែនប្រាំបីម៉ឺនប្រាំពាន់) ដុល្លារអាមេរិក និងប្តីទទួលបានទ្រព្យរួមដែលមានតម្លៃ 185,000 (មួយសែនប្រាំបីម៉ឺនប្រាំពាន់) ដុល្លារអាមេរិក។

ផ្អែកតាមសម្មតិកម្មនេះ សន្មតថាតុលាការបានសម្រេចប្រគល់ផ្ទះរស់នៅសព្វថ្ងៃ ដែលកំពុងប្រកបអាជីវកម្មលក់ចាប់ហួយឱ្យទៅប្រពន្ធ ដែលមានតម្លៃ 200,000 (ពីរសែន) ដុល្លារអាមេរិក នាំឱ្យ ប្រពន្ធតាមទទួលទ្រព្យរួមលើសចំណែកដែលខ្លួនត្រូវទទួល ដើម្បីមានសមភាព តុលាការត្រូវសម្រួលទ្រព្យនេះ ដើម្បីឱ្យសមាមាត្រនឹងចំណែកនៃសិទ្ធិដែលប្រពន្ធមាននៅលើទ្រព្យរួម តាមរយៈ ឱ្យប្រពន្ធបង់ចំណែកដែលលើសនោះឱ្យមកប្តី។

ផ្អែកតាមសម្មតិកម្មនេះ ចំនួនទឹកប្រាក់ដែលប្រពន្ធត្រូវបង់ឱ្យមកប្តីវិញគឺ 200,000 - 185,000 = 15,000 (មួយម៉ឺនប្រាំពាន់) ដុល្លារអាមេរិក។

សរុបជារួម បើតុលាការសម្រេចប្រគល់ផ្ទះរស់នៅសព្វថ្ងៃ ដែលកំពុងប្រកបអាជីវកម្មលក់ចាប់ហួយឱ្យទៅប្រពន្ធ ទ្រព្យដទៃផ្សេងទៀត តុលាការនឹងប្រគល់ឱ្យទៅប្តី ហើយតុលាការនឹងបង្គាប់ឱ្យប្រពន្ធបង់ប្រាក់ចំនួន 15,000 (មួយម៉ឺនប្រាំពាន់) ដុល្លារអាមេរិក ឱ្យមកប្តី ដើម្បីសម្រួលទ្រព្យនេះ ឱ្យសមាមាត្រនឹងចំណែកនៃសិទ្ធិដែលប្តីប្រពន្ធមាននៅលើទ្រព្យរួម៕

រៀបរៀងដោយ៖ លោកមេធាវី អ៉ីវ ប៉ូលី គ្រូបង្រៀនច្បាប់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងជាអ្នកបណ្តុះបណ្តាលនៃកម្មវិធីវិភាគទានច្បាប់