(មេនឆេស្ទើ)៖ ត្រឹមតែរយៈពេល ១២ម៉ោងប៉ុណ្ណោះ គណនី Instagram របស់ក្លិបបិសាចក្រហម Manchester United បានកើនចំនួនអ្នកចុចតាមដាន (Follow) រហូតដល់ទៅ ២.៥លាននាក់ ពេលលឺដំណឹងថាកំពូលខ្សែប្រយុទ្ធ Ronaldo វិលមកក្លិបនៅអង់គ្លេសនេះវិញ។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័រ HITC នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១។

HITC បានរាយការណ៍ថា Manchester United មានចំនួនអ្នកចុចតាមដានត្រឹមតែ ៤២.៧លាននាក់ប៉ុណ្ណោះ កាលពីថ្ងៃទី២៦ ខែសីហា មុនពេលចុះហត្ថលេខាខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់។ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែសីហា គឺប្រមាណ ១២ម៉ោង បន្ទាប់ពីការចុះហត្ថលេខា ពួកគេមានអ្នកចុចតាមដាន ៤៥.២លាននាក់។

ប្រភពដដែលបន្តថា «ចំនួននៃអ្នកចុចតាមដានសរុប ២.៥លាននាក់ ហើយសូមអរគុណដល់ការត្រឡប់របស់ Ronaldo ។ ទោះបីជាយ៉ាងនេះក្តី មានអ្នកចុចតាមដានលើសពី ១លាននាក់ ក្នុងចំណោមអ្នកទើបចុចតាមដានថ្មី ដែលបានចុចតាមដានក្នុងរយៈពេលត្រឹមតែ ២ម៉ោង មុនការប្រកាសដំណឹង នៃការវិលត្រឡប់របស់តារាឆ្នើមខាងលើ»

បន្ថែមលើនេះ គ្រាន់តែកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo វិលមកទ្រនំចាស់វិញភ្លាម ធ្វើឲ្យភាគហ៊ុនរបស់ក្លិបបិសាចក្រហម Manchester United កើនឡើងរហូតដល់ទៅ ៨% ឯណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN ។

បើតាមលោក Per Joe Pompliano អ្នកសារព័ត៌មានដ៏ល្បីផ្នែកសេដ្ឋកិច្ចបានរាយការណ៍ថា ភាគហ៊ុនកើនឡើង ៨% នេះមានន័យថា Ronaldo បានជួយបង្កើនចំណូលដល់ក្លិប Manchester United ប្រមាណ ២៥០លានដុល្លារ ក្នុងទីផ្សារមូលធននៃភាគហ៊ុនរួចរាល់ហើយ។

សូមជម្រាបថា ក្រោយចាកចេញ ១២ឆ្នាំ Manchester United បានចុះកិច្ចសន្យាទិញ Ronaldo ពីក្លិបសេះបង្កង់ Juventus ក្នុងតម្លៃ ២៣លានអឺរ៉ូ។ កិច្ចព្រមព្រៀងនេះ មានរយៈពេល ២ឆ្នាំ គឺរហូតដល់ឆ្នាំ ២០២៣ ហើយក្លិបផ្តល់ឲ្យគាត់ជាង ៥៥ម៉ឺនអឺរ៉ូក្នុង ១សប្តាហ៍ (៤៨០,០០០ផោន)។

ក្លិប Juventus បានទិញ Ronaldo ក្នុងតម្លៃជាង ១២២លានអឺរ៉ូជាមួយកិច្ចសន្យា ៤ឆ្នាំពីក្លិបយក្សអេស្ប៉ាញ Real Madrid ក្រោយចេញពី Manchester United កាលពីខែកក្កដា ឆ្នាំ២០០៩។ តាមពិតទៅប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ ៣៦ឆ្នាំនៅសល់ពេល មិនដល់ ១០ខែទៀតទេ សម្រាប់ការលេងនៅ Juventus មុនវិលមកទ្រនំចាស់វិញ៕