(ភ្នំពេញ)៖ ជំងឺមហារីកសួត (Lung Cancer) ជាជំងឺមហារីកឈរលំដាប់ថ្នាក់លេខ២ ដែលកើតមានច្រើនជាងគេនៅប្រទេសកម្ពុជា នេះបើយោងតាម Globocan 2020។ ជំងឺនេះ នឹងធ្វើឱ្យ កោសិកា សាច់ សួត កើនលើសប្រក្រតីមិនអាចគ្រប់គ្រងបាន បង្កើតទៅជាដុំសាច់នៅក្នុងសួតបណ្ដាលឱ្យគ្រោះថ្នាក់ ធ្ងន់ធ្ងរដល់សុខភាព និងជីវិត។

រោគសញ្ញាសំខាន់រួមមាន៖
*ក្អករ៉ាំរ៉ៃ ឬក្អកធ្លាក់ឈាម
*ឈឺចុកចាប់ដើមទ្រូង
*ហត់ ពិបាកដកដង្ហើម
*ស្រកទម្ងន់
*បាត់ចំណង់ចំណីអាហារ
*ល្ហិត ល្ហៃ
*រលាក ឬ តឹង ណែន ទ្រូង
*ហើម កូន កណ្ដុរ ក្នុង សួត។

ជំងឺមហារីក សួតនេះមូលហេតុចម្បងកើតឡើងដោយសារ ជាតិពុលគីមីចូលទៅក្នុងសួត ដូចជា ការជក់បារី ឬជក់ថ្នាំដែលជក់ជាប្រចាំមួយថ្ងៃមួយកញ្ចប់ រយៈពេលពី២០ឆ្នាំឡើង ហើយគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរនោះ គឺជក់បារី បូកបន្ថែមនឹងការទទួលទានគ្រឿងស្រវឹងបន្ថែមទៀត នោះនឹងជំរុញឱ្យមានវិវឌ្ឍកាន់តែឡើងកើតជំងឺមហារីកសួត។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ សុធា ឯកទេសជំងឺមហារីក។

ក្នុងនោះជំងឺមហារីកសួតនេះក៏បណ្ដាលមកពីស្រូបធូលីផ្សេងៗ ដូចជា ស៊ីម៉ង់ត៍កំបោរឈើផ្សែងពុលចេញពីរថយន្តជាដើម ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់យើងចុះ ខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។

សម្រាប់ជម្រើសព្យាបាលសំខាន់ៗរួមមាន៖
*Surgery: ព្យាបាលដោយវះកាត់យកដុំមហារីកចេញ
*Radiation therapy: ព្យាបាលដោយកាំរស្មី
*Immunotherapy: ព្យាបាលដោយឱសថ ដែលអាចបង្កើនប្រព័ន្ធភាពផ្ស៊ាំរបស់រាង្គកាយឱ្យខ្លាំង ហើយសកម្មក្នុងការប្រឆាំងកោសិកាមហារីក
*Chemotherapy: ព្យាបាលដោយប្រើឱសថប្រឆាំងមហារីក
*Target therapy: ព្យាបាលដោយដោយឱសថដែលអាចបំផ្លាញ ហ្សែន ឬ ប្រូតេអ៊ីន កោសិកាមហារីក
*Palliative care: ព្យាបាលសម្រន់បន្ថយការឈឺចាប់ រោគសញ្ញាផ្សេងៗ និងលើកកម្ពស់គុណភាពជីវិត

លោកវេជ្ជបណ្ឌិតឯកទេសមហារីករូបនេះ បានបន្ដថា ការព្យាបាលជំងឺមហារីកតាមបែបទំនើបនាពេលបច្ចុប្បន្ន តម្រូវឱ្យគ្រូពេទ្យឯកទេសពិនិត្យ និងវិភាគយ៉ាងលម្អិតពីស្ថានភាពរបស់អ្នកជំងឺ ប្រភេទសាច់មហារីក ដំណាក់កាលនៃការវិវត្តរបស់ជំងឺ និងកត្តាកំណត់មួយចំនួនទៀត ដើម្បីឈានទៅដល់ការសម្រេចយកជម្រើសព្យាបាលដ៏ល្អបំផុត១ ឬច្រើនជូនអ្នកជំងឺ។
ហេតុដូចនេះ សូមជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលអោយបានត្រឹមត្រូវ៕