(ក្រុងឡុងដ៍)៖ ១គ្រាប់ដ៏មានន័យរបស់ Mason Greenwood នៅនាទីចុងម៉ោងទៅលើម្ចាស់ផ្ទះ Wolverhamton Wanderer បានធ្វើឲ្យ Manchester United បន្តលេងមិនចាញ់នៅ Premier League រដូវកាលនេះក្រៅពីឈ្នះ២ និងស្មើ១។

ខ្សែការពារចំណូលថ្មី Raphael Varane ជាអ្នកបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Mason Greenwood ស៊ុតបញ្ចូលទីបានសម្រេចនៅនាទី៨០ ដែលជាជ័យជម្នះទី២ នៅពេលបំបាក់ Leeds United ៥-១ នៅថ្ងៃបើកឆាករដូវកាលថ្មីឆ្នាំ២០២១-២០២២ មុនបន្តលេងស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Southampto។

តែយ៉ាងណា ខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo មិនបានរួមដំណើរជាមួយ Man Utd ទៅកាន់កីឡដ្ឋាន Molineux របស់ Wolves នោះទេ ក្រោយពេលចុះកិច្ចសន្យា ២ឆ្នាំលេងនៅទឹកដី Old Trafford ជាទីដែលរូបគេធ្លាប់ចំណាយពេល ៦រដូវកាលមុនចាកចេញផងដែរ។

៣ពិន្ទុក្រៅដីលើកដំបូងនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Ole Gunnar Solskjaer ឈរនៅលេខរៀងទី៣ បណ្តោះអាសន្ន ដោយមាន ៧ពិន្ទុស្មើក្រុមលេខ២ West Ham United និង Tottenham Hotspur ឈរកំពូលតារាង ក្រោយពេលឈ្នះ ៣ប្រកួតជាប់គ្នា៕