(អាមេរិក)៖ លោក Tim Cook បានឡើងកាន់តំណែងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple អស់រយៈពេល ១០ឆ្នាំមកហើយ ហើយលោកក៏មានគម្រោងចាកចេញពីមុខតំណែងមួយនេះផងដែរ ប៉ុន្តែលោកចង់ធ្វើរឿងមួយមុនពេលលោកលាឈប់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider បានឲ្យដឹងថា លោក Cook ចង់បង្ហាញនូវផលិតផលថ្មីមួយទៀតដ៏អស្ចារ្យសម្រាប់ពិភពលោក។

លោក Mark Gurman អ្នកសរសេរព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃមួយរូបដ៏ល្បីឈ្មោះបានសរសេរថា លោក Tim Cook មានបំណងលាឈប់ពីតំណែង CEO របស់ Apple ប៉ុន្តែមិនមែនពេលឆាប់ៗនោះទេ ហើយលោកមានគម្រោងបង្កើត និងបង្ហាញផលិតផលថ្មីដ៏អស្ចារ្យមួយទៀតដែលមិនធ្លាប់មានពីមុនឡើយសម្រាប់ក្រុមហ៊ុន Apple។

តើផលិតផលថ្មីនោះជាអ្វីទៅ? តើវាអាចជា Apple Car ដែរឬទេ?

លោក Mark Gurman បានលើកឡើងថា ផលិតផលថ្មីដែល Tim Cook គ្រោងបង្កើតឡើង និងប្រកាសបង្ហាញនៅមុនពេលលោកលាឈប់នោះ គឺជាឧបករណ៍ប្រភេទ AR/VR ។ ហេតុអ្វីមិនមែនជា Apple Car? សំណួរនេះត្រូវបានលោក Mark Gurman ផ្ដល់ចម្លើយថា ទីផ្សាររថយន្តនាពេលបច្ចុប្បន្នគឺមិនងាយស្រួលក្នុងការប្រកួតប្រជែងនោះទេ ម្យ៉ាងទៀត Tim Cook ដឹងច្បាស់ណាស់ថា ផលិតផលណាងាយស្រួលវាយលុកទីផ្សារ និងឆាប់បានជោគជ័យ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ លោក Tim Cook ទើបតែទទួលបានហ៊ុនចំនួន ៥លាន ពីក្រុមហ៊ុន Apple ដែលមាន ៧៥០លានដុល្លារអាមេរិក ដែលជារង្វាន់សម្រាប់ខួប ១០ឆ្នាំនៃការឡើងកាន់តំណែង CEO របស់ Apple៕