(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់លោក Jacques Rogge អតីតប្រធានទី៨ នៃគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) ឆ្នាំ២០០១-២០១៣ និងជាប្រធានកិត្តិយស IOC ដែលបានទទួលមរណភាពក្នុងវ័យ ៧៩ឆ្នាំកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។

ក្នុងនាមថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការមរណភាពលោក Jacques Rogge ដែលជាការបាត់បង់ថ្នាក់ដឹកនាំចលនាអូឡាំពិកដ៏អស្ចារ្យម្នាក់ដែលបានតស៊ូ និងលះបង់ដោយមិនគិតពីការនឿយហត់ ដើម្បីផ្លាស់ប្ដូរទំនើបកម្មថ្មីរបស់ IOC ក្នុងការជំរុញចលនាអូឡាំពិកទូទាំងពិភពលោក និងការប្រកួតកីឡាអូឡាំពិកកាន់តែប្រសើរឡើង។

ដូច្នេះក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងចលនាអូឡាំពិកនៅកម្ពុជា លោករដ្ឋមន្ដ្រីបានប្រកាសកាន់ទុក្ខជាមួយគ្រួសារលោក Jacques Rogge និងគណៈកម្មាធិការអូឡាំពិកអន្ដរជាតិរយៈពេល ៥ថ្ងៃដោយការបង្ហូតទង់ជាតិអូឡាំពិក នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រឹមពាក់កណ្ដាលដងទង់ជាតិ ដើម្បីកាន់ទុក្ខចំពោះការបាត់បង់ និងការទទួលមរណភាពរបស់អតីតប្រធាន IOC ខាងលើ។

គួរដឹងថា លោក Jacques Rogge ត្រូវបានចាត់ទុកជាប្រធាន IOC មួយរូបដែលទទួលបានជោគជ័យក្នុងការជួយធ្វើទំនើបកម្ម និងផ្លាស់ប្ដូរ IOC ពិសេសលោក គឺជាអ្នកប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការប្រើប្រាស់សារធាតុហាមឃាត់ ឬសារធាតុជំនួយកម្លាំងក្នុងសកម្មភាពកីឡា (Doping)។ IOC បានសម្រេចបង្ហូតទង់ជាតិអូឡាំពិកពាក់កណ្ដាលដងទង់ជាតិ នៅការិយាល័យ និងសារមន្ទីរអូឡាំពិក រួមទាំងទីតាំងកីឡាផ្សេងទៀតរយៈពេល៥ថ្ងៃ ដើម្បីបង្ហាញពីការគោរពចំពោះ លោក Jacques Rogge៕