(ភ្នំពេញ)៖ ក្នុងនាមជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជា ដែលកំពុងធ្វើអាជីវកម្ម ក្រុមហ៊ុនមិត្តហ្វូន (Metfone) តែងតែដឹង និងយល់អំពីការទទួលខុសត្រូវ ក្នុងការគោរពតាមបទបញ្ជារបស់រដ្ឋ និងទីភ្នាក់ងារត្រួតពិនិត្យជាពិសេសបទប្បញ្ញត្តិស្តីពី ការចុះឈ្មោះព័ត៌មានផ្ទាល់ខ្លួននៅពេលលក់ស៊ីមកាត។

ថ្មីៗនេះតាមរយៈការត្រួតពិនិត្យជាក់ស្តែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាក្រុមហ៊ុនមិត្តហ្វូនបានរកឃើញថា ភ្នាក់ងារលក់ បុគ្គលិកផ្នែកលក់មួយចំនួនតូចមិនគោរពតាមបទបញ្ជាច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមិត្តហ្វូន។
ចាប់តាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ មិត្តហ្វូនបានចេញនូវគោលការណ៍ទៅដល់អ្នកចែកចាយ បុគ្គលិកផ្នែកលក់ទាំងអស់ត្រូវប្រមូលព័ត៌មានអតិថិជនមុនពេលលក់ស៊ីមកាត។

ទន្ទឹមនឹងនេះដែរមិត្តហ្វូនក៏បានអនុវត្តនូវដំណោះស្រាយបច្ចេកទេសមួយចំនួន ដើម្បីធានាថាការចុះឈ្មោះព័ត៌មានមានភាពងាយស្រួល និងត្រឹមត្រូវ ដែលក្នុងនោះមានដូចជា៖

* ស៊ីមកាតដែលគ្មានព័ត៌មាននឹងមិនអនុញ្ញាតិឲ្យដំណើរការឡើយ
* មិត្កហ្វូនបានបង្កើត App mDealer សម្រាប់ផ្តល់ជូនភ្នាក់ងារលក់ បុគ្គលិក និងតំណាងចែកចាយរបស់មិត្តហ្វូនទាំងអស់ ដើម្បីធ្វើបច្ចុប្បន្នភាពភ្លាមៗដោយងាយស្រួល រហ័ស និងមិនចំណាយពេលវេលារង់ចាំយូរ ហើយរៀងរាល់ពេលពួកគេបើកកម្មវិធី mDealer នេះ កម្មវិធីនឹងរំលឹកនៅសារជូនដំណឹងភ្លាមៗអំពីសេចក្តីប្រកាសនូវការបញ្ចូលព័ត៌មានអតិថិជន
* លើសពីនេះអតិថិជនទាំងអស់ក៏អាចទូរស័ព្ទទៅលេខ ១៧៧៧ ដើម្បីទទួលបានព័ត៌មានជំនួយ
* ភ្នាក់ងារលក់ បុគ្គលិកលក់ ឬអ្នកចែកចាយទាំងអស់ ដែលមិនអនុវត្តតាមបទបញ្ជាចុះឈ្មោះព័ត៌មានអតិថិជន នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

លោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូនបានថ្លែងថា «ដើម្បីគោរពទៅតាមការណែនាំលិខិតប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមទាំងនិយ័តករទូរគមនាគមន៍កម្ពុជាដែលបានចង្អុលបង្ហាញនាពេលថ្មីៗនេះ មិត្តហ្វូនបានឆ្លើយតបយ៉ាងឆាប់រហ័ស និងធ្វើសកម្មភាពភ្លាមៗជាមួយនឹងភ្នាក់ងារលក់របស់យើងទាំងអស់ ដូចជាតូបលក់ ហាងចែកចាយ និង Showroom របស់មិត្តហ្វូនទូទាំងប្រទេស គឺដាច់ខាតត្រូវបញ្ចូលព័ត៌មានអតិថិជនឲ្យបាន ១០០% ទៅក្នុងប្រព័ន្ធមុនពេលលក់ស៊ីមទៅកាន់អតិថិជនរបស់ខ្លួន។ ក្នុងករណីស៊ីមកាតណាមួយដែលពុំមានព័ត៌មាននោះទេ ប្រព័ន្ធនឹងមិនអនុញ្ញាតឲ្យដំណើរការឡើយ»

សូមជម្រាបថា មិត្តហ្វូនបណ្ដាញទូរស័ព្ទចល័តឈានមុខគេនៅក្នុងកម្ពុជា ជានិច្ចកាលតែងតែចូលរួមអនុវត្តច្បាប់ និងយុទ្ធនាការផ្សេងៗជាមួយរាជរដ្ឋាភិបាលក្នុងអំឡុងពេលដំណើរការអាជីវកម្មរបស់ខ្លួន។ ការរឹតបន្តឹងការបញ្ចូលព័ត៌មានរបស់អតិថិជននាពេលនេះសបង្ហាញឲ្យឃើញពីការចូលរួមគាំទ្រ ការការពារសុខសុវត្ថិភាព ស្ថិរភាពសង្គមនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕