(ព្រុចសែល)៖ អតីតប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Jacques Rogge បានស្លាប់ហើយ ក្នុងវ័យ៧៩ឆ្នាំ, នេះបើតាមការឲ្យដឹងពី IOC ហើយត្រូវបានចេញផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។

Rogge បានបំពេញតួនាទី ជាប្រធានទី៨ នៃ IOC ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៣ ហើយបានក្លាយជាប្រធានកិត្តិយស នៃគណៈកម្មាធិការនេះ។

លោក Rogge, ដែលជាអតីតគ្រូពេទ្យវះកាត់ឆ្អឹងនោះ, បានតំណាងឲ្យក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ក្នុងកីឡាបាល់ឱប និងជាម្ចាស់ជើងឯកពានរង្វាន់ជាតិប៊ែលហ្ស៊ិក ចំនួន១៦លើក ព្រមទាំងជាម្ចាស់ជើងឯកពានរង្វាន់ពិភពលោក ប្រភេទកីឡាប្រណាំងទូកក្តោងផងដែរ។ លោកបានប្រកួតក្នុងវិញ្ញាសារប្រណាំងទូកក្តោង ចំនួន៣លើក ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្នុងឆ្នាំ១៩៦៨, ១៩៧២ និងឆ្នាំ១៩៧៦។

លោកបានក្លាយជាប្រធានគណៈកម្មាធិការអូឡាំពិកប៊ែលហ្ស៊ិក និងអឺរ៉ុប មុនពេលត្រូវបានគេជ្រើសតាំងជាប្រធាន IOC ហើយលោកបានបំពេញតួនាទី ជាប្រេសិតពិសេសតំណាងយុវជន ជនភៀសខ្លួន និងកីឡា ប្រចាំអង្គការសហប្រជាជាតិ បន្ទាប់ពីបំពេញតួនាទីជាប្រធាន IOC។

IOC បានលើកឡើងថា ខ្លួននឹងបង្ហូតទង់ជាតិអូឡាំពិក ត្រឹមពាក់កណ្តាល នៅឯ Olympic House និង Olympic Museum ព្រមទាំងទីតាំងផ្សេងទៀតទាំងអស់របស់ខ្លួន រយៈពេល៥ថ្ងៃ ដើម្បីសម្តែងការគោរព ចំពោះលោក Rogge ជាមួយនឹងពិធីរំលឹកវិញ្ញាណក័ន្ធជាសាធារណៈ នឹងធ្វើឡើងនៅចុងឆ្នាំនេះ។

គួរជម្រាបថា ការស្លាប់របស់លោក Rogge បានបន្សល់ទុកនូវភរិយា Anne, កូនប្រុស, កូនស្រី និងចៅចំនួន២នាក់ របស់លោក៕