(ក្រុងឡុងដ៍)៖ ខ្សែបម្រើស្លាប Amad Diallo របស់ក្លិប Manchester United បានទទួលរងរបួសភ្លៅ ហើយនឹងអវត្តមានពីការប្រកួត ចំនួន៦សប្តាហ៍, នាំឲ្យគម្រោងផ្លាស់ប្តូរ ទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងរបស់លោក នៅក្លិប Feyenoord របស់ហូឡង់ ត្រូវបានផ្អាក, នេះបើតាមក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។

«Amad បានទទួលរងរបួសសាច់ដុំភ្លៅ នៅក្នុងការហ្វឹកហាត់ ហើយទំនងជាខកខានពីការប្រកួត រយៈពេល៦សប្តាហ៍», នេះបើតាមក្លិប Manchester United បានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។ «ជាអកុសល, វាបានកើតឡើង មុនពេលគម្រោងផ្លាស់ប្តូរ ទៅលេងខ្ចីជើងរបស់លោក នៅក្លិប Feyenoord។ កីឡាករ Amad នឹងបន្តនៅក្លិប United និងស្តារនីតិសម្បទាឡើងវិញ»។

កីឡាករអន្តរជាតិសញ្ជាតិកូតឌីវ័រ វ័យ១៩ឆ្នាំ, ដែលបានចូលរួមជាមួយក្លិប United ផ្លាស់មកពីក្លិប Atalanta របស់អ៊ីតាលី កាលពីខែមករារូបនេះ, បានបង្ហាញខ្លួន៨ប្រកួត សម្រាប់ក្លិប និងស៊ុតបាល់បញ្ចូលទីបាន១គ្រាប់៕