(ទីក្រុងប្រាក)៖ សាធារណៈរដ្ឋឆែក បានធ្វើការផ្លាស់ប្តូរកីឡាករ៤រូបចុងក្រោយ នៃក្រុមរបស់ពួកគេ សម្រាប់ការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) តទល់នឹងក្រុមប៊ែលហ្ស៊ិក និងក្រុមបេឡារុស្ស, ជាមួយនឹងខ្សែការពារកណ្តាលដ៏សំខាន់ Ondrej Kudela នឹងខកខានការប្រកួត ដោយសាររងរបួសជង្គង់, នេះបើតាមការបញ្ជាក់ពី សហព័ន្ធបាល់ទាត់ឆែក ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។

មិត្តរួមក្លិប Slavia Prague របស់ Kudela កីឡាករអ្នកចាំទី Ondrej Kolar និងខ្សែការពារ Jan Boril ក៏ខនខានការប្រកួតផងដែរ ដោយសារបញ្ហារបួស ហើយខ្សែការពារលេងនៅក្លិប Viktoria Plzen កីឡាករ Jakub Brabec ក៏បានដកខ្លួនចេញផងដែរ ដោយសារហេតុផលផ្ទាល់ខ្លួន។

រីឯខ្សែប្រយុទ្ធ Patrik Schick ដែលជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេម្នាក់ នៅឯព្រឹត្តិការណ៍ Euro 2020 នោះ ក៏នឹងខកខានការប្រកួតទាំងពីរខាងលើផងដែរ ដោយសារតែការព្យួរជើង។

កីឡាករ Kudela បានរងរបួសជង្គង់របស់លោក កាលពីថ្ងៃអាទិត្យ ខណៈម្ចាស់ពានរង្វាន់ជើងឯក ក្លិប Slavia បានធ្លាក់ពិន្ទុដំបូងរបស់ពួកគេ ក្នុងរដូវកាលនេះ ក្នុងលទ្ធផលស្មើ៣-៣ ទល់នឹងក្រុម Karvina។

អ្នកចាំទីក្លិប Viktoria Plzen កីឡាករ Jindrich Stanek និងខ្សែការពារ Filip Kasa ព្រមទាំងខ្សែការពារក្លិប Sparta កីឡាករ Tomas Wiesner ត្រូវបានដាក់បញ្ចូលក្នុងក្រុម។

ការដាក់បន្ថែមផ្សេងទៀត មានខ្សែការពារក្លិប Sigma Olomouc កីឡាករ Vaclav Jemelka, ខ្សែបម្រើក្លិប Slovan Bratislava កីឡាករ Jaromír Zmrhal, ខ្សែប្រយុទ្ធក្លិប Slavia កីឡាករ Stanislav Tecl និងខ្សែប្រយុទ្ធក្លិប Jablonec កីឡាករ Martin Dolezal។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិឆែក មាន៤ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់៣ប្រកួតក្នុងពូល E ហើយឈរនៅលំដាប់ទី២ ពីក្រោយក្រុមប៊ែលហ្សិក។ ពួកគេនឹងធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ក្រុមភ្ញៀវបេឡារុស្ស នៅថ្ងៃទី២ ខែកញ្ញា ហើយនឹងទៅជួបបែលហ្សិក នៅថ្ងៃទី៥ ខែកញ្ញាខាងមុខ៕