(ម៉ាទ្រីដ)៖ ខ្សែប្រយុទ្ធក្លិប Atletico Madrid កីឡាករ Luis Suarez នឹងខកខានការប្រកួតវគ្គជម្រុះ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) របស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ នាខែក្រោយ ដោយសារតែបញ្ហាជង្គង់, នេះបើតាមការបញ្ជាក់ពីក្លិបរបស់អេស្ប៉ាញ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។

គួររំលឹកថា Suarez, ដែលបានស៊ុតបញ្ចូលទី នៅក្នុងការប្រកួតលទ្ធផលស្មើគ្នា២-២ ជាមួយក្រុម Villarreal កាលពីថ្ងៃអាទិត្យនោះ, គ្រោងនឹងចូលរួមជាមួយក្រុមជម្រើសជាតិរបស់លោក សម្រាប់ការប្រកួតតទល់នឹងក្រុមប៉េរូ, បូលីវី និងក្រុមអេក្វាឌ័រ នាខែក្រោយ។

«នៅក្នុងការស្កេន MRI ដែលធ្វើឡើងដោយកីឡាករ, មានអាការៈហើម ត្រូវបានគេរកឃើញ នៅផ្នែកខាងក្រោយនៃជង្គង់ឆ្វេងរបស់គាត់», ក្លិប Atletico បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

«ការិយាល័យវេជ្ជសាស្ត្ររបស់ក្លិប បានជូនដំណឹងដល់សហព័ន្ធអ៊ុយរូហ្គាយ ហើយកីឡាករបានបដិសេធ ក្នុងការចូលរួមជាមួយក្រុម សម្រាប់ការប្រកួតវគ្គជម្រុះ 2022 World Cup»។

សូមបញ្ជាក់ថា Suarez បានចូលរួមជាមួយកីឡាករ Edinson Cavani របស់ក្រុម Manchester United នៅក្នុងបញ្ជីដកខ្លួនចេញ បន្ទាប់ពីសហព័ន្ធអ៊ុយរូហ្គាយ បានប្រកាសថា ការហៅខ្សែប្រយុទ្ធរូបនេះ ត្រូវបានលុបចោលវិញ កាលពីព្រឹកថ្ងៃចន្ទនេះ៕