(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅល្ងាចថ្ងៃទី៣០ ខែសីហា បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ នៃកីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Suzuki Cup 2020) នាខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

តាមការបញ្ជាក់លើបណ្ដាញសង្គមសហព័ន្ធនាព្រឹកថ្ងៃអង្គារនេះបានឲ្យដឹងថា «គណៈកម្មការចំពោះកិច្ចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមានលោកស្រី ពុធ ធីតា ជាប្រធាន បានចុះពិនិត្យនូវគ្រឿងបរិក្ខា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីដាក់សំណើស្នើធ្វើជាម្ចាស់ផ្ទះការប្រកួត AFF Suzuki Cup នាចុងឆ្នាំនេះ និងសម្រាប់ត្រៀមដំណើរការការប្រកួតកីឡាបាល់ទាត់ ក្នុងព្រឹត្តការណ៍ស៊ីហ្គេម ឆ្នាំ២០២៣»

ការចុះពិនិត្យសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យនេះ បន្ទាប់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសអំពីបំណងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ានខាងលើ ដោយបានស្នើសុំរៀបចំការប្រកួត នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយសំណើនេះ បានទទូលការគាំទ្រពេញទំហឹងពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC កាលពីថ្មីៗ។

គួរដឹងថា ពានរង្វាន់ AFF Suzuki Cup ដែលត្រូវបានពន្យារពេលចំនួន ២លើកមកពីឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-១៩ គ្រោងរៀបចំការប្រកួតពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ។ ប៉ុន្ដែបេក្ខភាពដែលមានបំណងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះមានរហូត ៤ប្រទេសឯណោះ ពោលគឺក្រៅពីកម្ពុជា គឺមានថៃ សិង្ហបុរី និងឥណ្ឌូនេស៊ីជាដើម៕