(ភ្នំពេញ)៖ ក្រុមហ៊ុនស្រ្តងហូល ត្រាសធី (Stronghold Trustee) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាយ ហូសថល (Side Hustle Microfinance) នាពេលថ្មីៗនេះ ហានរៀបចំប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងបង្កើតប្រាក់កម្ចីសម្រាប់គម្រោងវិនិយោគ ដោយមានការថែរក្សាទ្រព្យសម្បត្តជំនួស (TRUST-LOAN INVESTMENT PLAN for Real Estate Development ) ដែលមានតម្លៃដល់ទៅ ៣០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ ដើម្បីជួយដោះស្រាយបញ្ហានៃវិនិយោគគិនបរទេស ទៅលើសិទ្ធិកាន់កាប់អចលនវត្ថុ និងបង្កើនប្រាក់ចំនេញវិនិយោគបន្ថែម។

ក្នុងកិច្ចចុះអនុស្សរណៈយោគយល់គ្នានេះលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានសំដែងនូវការទទួលស្គាល់លើការបេ្តជ្ញាចិត្ត នៃក្រុមហ៊ុនស្រ្តងហូល ត្រាសធី ទៅលើវិស័យថែរក្សាទ្រព្យសម្បត្តជំនួស និងបរធនបាលកិច្ច ហើយក៏សង្ឃឹមមុតមាំថា ក្រុមហ៊ុនស្រ្តងហូល ត្រាសធី នឹងបន្តជួយផ្សព្វផ្សាយការប្រើប្រាស់ នូវបរធនបាលកិច្ច និង ការថែរក្សាទ្រព្យសម្បត្តជំនួស ទៅទីផ្សារវិនិយោគបរទេស ដើម្បីធានានូវសុវត្ថិភាពនៃការវិនិយោគ។

ទន្ទឹមនឹងនេះ លោក យឹម លាត សមាជិកគណៈកម្មការសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានអបអរសាទរ និងជូនពរទៅលើការជោគជ័យ នៃអនុស្សរណៈយោគយល់នេះ ដែលបានបន្ថែមនូវភាពអធិកអធមទៅដល់កម្មពិធីនេះ។

លោក យឹម លាត បានថ្លែងថា «ការួមចំណែករបស់ក្រុមហ៊ុន ស្រ្តងហូល ត្រាសធី បានដើរតួរយ៉ាងសំខាង់ក្នុងវិស័យបរធនបាលកិច្ច និង ការថែរក្សាទ្រព្យសម្បត្តិជំនួសនៅក្នុងប្រទេសកម្ពុជា។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ខ្ញុំបាទសង្ឃឹមថា ក្រុមហ៊ុន ស្រ្តងហូល ត្រាសធី អាចបង្កើតអាជីវកម្មកាន់តែច្រើនទៀត ដើម្បីបង្កើតឱកាសកាន់តែច្រើន និងបង្កើតទំនាក់ទំនងយ៉ាងរឹងមាំជាមួយក្រុមហ៊ុនផ្សេងទៀត»

ជាក់ស្តែង កិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឲ្យក្រុមហ៊ុន ស្រ្តងហូល ត្រាសធី អាចពង្រីកអាជីវកម្មបរធនបាលកិច្ច និងថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនបាន និង ជួយឲ្យសេវាប្រាក់កម្ចីនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាយ ហូសថល កាន់តែមានភាពបត់បែន ប្រកបដោយសុវត្ថិភាព ជាពិសេសគឺការផ្តល់ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូចមធ្យម និងសម្រាប់អ្នកចាប់ផ្តើមធុរៈកិច្ចថ្មី ដោយប្រើប្រាស់នូវបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល និងទិន្នន័យ ដើម្បីត្រួតពិនិត្យ និងបន្តសង្កេតទៅលើការអនុវត្ត និងប្រតិបត្តិនៃប្រាក់កម្ចី។ បើប្រៀបធៀបទៅនឹងរចនាសម្ព័ន្ធហិរញ្ញវត្ថុគន្លងចាស់ គម្រោងនេះអាចធានាបាននូវសុវត្ថិភាពនៃវិនិយោគ និងផលចំណេញផងដែរចំពោះភាគីពាក់ព័ន្ធ (Stakeholders) មិនថាភាគីម្ចាស់ដី ភាគីផ្តល់ហិរញ្ញប្បទាន និងភាគីអភិវឌ្ឍន៍៕